2026-10-20
SME News
2026-10-20
SME News
ភ្នំពេញ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្ពុជាបានប្រារព្ធទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ដោយរំលេចតួនាទីស្តង់ដារក្នុងការធានាគុណភាព និងសុវត្ថិភាពបរិក្ខារ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដើម្បីគាំទ្រគោលដៅថាមពលស្អាត និងទ្រទ្រង់បានសម្រាប់មនុស្សគ្រប់រូប។
ទិវានេះប្រព្រឹត្តទៅក្រោមប្រធានបទ «ចក្ខុវិស័យរួមសម្រាប់ពិភពលោកប្រសើរជាងមុន៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ — ថាមពលស្អាត និងទ្រទ្រង់បាន»។
ថ្លែងក្នុងពិធីបើកទិវានេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានលើកឡើងថា៖ “យើងត្រូវបង្វែរការអបអរសាទរទិវាស្តង់ដារពិភពលោកឆ្នាំ២០២៦ នេះ ឱ្យទៅជាកម្លាំងចលករ និងយុទ្ធសាស្ត្រមួយ ក្នុងការពង្រឹងប្រព័ន្ធផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតផល និងសេវាកម្មរបស់យើងឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារនាំចេញដែលកម្ពុជាមានសក្តានុពលក្នុងការពង្រីក និងចូលរួមប្រកួតប្រជែង”។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតលើការធានាឱ្យមនុស្សគ្រប់រូបទទួលបានថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន មានចីរភាព និងទំនើប ការបង្កើនចំណែកថាមពលកកើតឡើងវិញ និងការបង្កើនប្រសិទ្ធភាពថាមពលជាសកលទ្វេដង ត្រឹមឆ្នាំ២០៣០។
អង្គការស្តង់ដារអន្តរជាតិ រួមមាន ISO, IEC និង ITU គាំទ្រគោលដៅនេះ តាមរយៈស្តង់ដារសម្រាប់ការគ្រប់គ្រងថាមពល សុវត្ថិភាពបរិក្ខារ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពថាមពល។ ស្តង់ដារទាំងនេះកំណត់លក្ខខណ្ឌបច្ចេកទេសសម្រាប់បរិក្ខារ ដូចជាបន្ទះសូឡា ប្រព័ន្ធផ្ទុកថាមពលដោយថ្ម និងឧបករណ៍សាកយានយន្តអគ្គិសនី ព្រមទាំងជួយរោងចក្រ និងសហគ្រាសកាត់បន្ថយការខ្ជះខ្ជាយថាមពលក្នុងផលិតកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្ថែមថា៖ “ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គឺជាកិច្ចការចាំបាច់បំផុត។”
ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តពិសោធន៍ ជួយឱ្យផលិតករ និងសេវាករ បំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ និងបង្កើនទំនុកចិត្តលើផលិតផល និងសេវាកម្មរបស់កម្ពុជា។
ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមអភិវឌ្ឍស្តង់ដារជាតិនៅចុងឆ្នាំ១៩៩៩ និងបានដាក់ចេញស្តង់ដារជាតិដំបូងស្តីពីស្លាកសញ្ញាផលិតផលនៅឆ្នាំ២០០០។ ក្នុងឆ្នាំ២០២៦ ស្តង់ដារកម្ពុជាចំនួន ១០៦ ត្រូវបានអនុម័ត ហើយរហូតមកដល់ពេលនេះ កម្ពុជាមានស្តង់ដារជាតិចំនួន ១.៣០៩ រួមទាំងស្តង់ដារពាក់ព័ន្ធនឹងថាមពលអគ្គិសនី។
ទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ក៏មានការប្រគល់បណ្ណសរសើរដល់ក្រុមហ៊ុនដែលបានចុះបញ្ជីផលិត ផល និងទទួលបានការបញ្ជាក់ភាពអនុលោមតាមស្តង់ដារកម្ពុជា (CS) និងស្តង់ដារប្រព័ន្ធគ្រប់គ្រង។ កម្មវិធីក៏រួមមានបទបង្ហាញស្តីពីតួនាទីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ក្នុងការគាំទ្រពាណិជ្ជកម្ម និងកិច្ចពិភាក្សាអំពីស្តង់ដារសម្រាប់ថាមពលប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និងទំនុកចិត្ត។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី