2025-01-03
គិត បុប្ផា
2025-01-03
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ នៃគណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដើម្បីសម្របសម្រួលការលើកលែងពន្ធ បន្ធូរបន្ថយពន្ធ ឬការដាក់ពន្ធជាបន្ទុករបស់រដ្ឋ តាមរយៈការវាយតម្លៃ ផលប៉ះពាល់លើចំណូលរបស់រដ្ឋ ក្នុងគោលដៅជាមូលដ្ឋាននៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។
ក្រុមការងារបច្ចេកទេស ដែលមានសមាសភាពចំនួន ១២រូបនោះ នឹងត្រូវសម្របសម្រួល និងពន្លឿនការរៀបចំបែបបទ និងការអនុម័តលើការស្នើសុំការលើកលែងពន្ធ, តាមដាន និងត្រួតពិនិត្យការអនុវត្តការអនុគ្រោះពន្ធ និងអាករផ្សេងៗ ដើម្បីធានាតម្លាភាព និងសុក្រឹតភាព។ ក្រុមការងារ ក៏ត្រូវពិនិត្យ និងផ្តល់យោបល់លើការគាំទ្រការតភ្ជាប់ រួមមាន ផ្លូវ ទឹក ភ្លើង និងសេវាសាធារណៈផ្សេងៗទៀត តាមករណីជាក់ស្តែងទៅតាមសំណើរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រមទាំងត្រួតពិនិត្យ និងតាមដានការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដែលប្រើប្រាស់ថវិការដ្ឋ។
ក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនេះ នឹងមានភារកិច្ចពិនិត្យលទ្ធភាពក្នុងការស្នើជម្រើសហិរញ្ញប្បទាន ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យក្នុងករណីចាំបាច់ និងរិះរកវិធានការ និងកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ពិសេសពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីធានាអត្រាការប្រាក់ សម្រាប់ទិញលំនៅឋាន ឱ្យសមស្របនឹងលទ្ធភាពរបស់ក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យម។ ក្រុមការងារខាងលើនេះ នឹងត្រូវសម្របសម្រួលជាមួយស្ថាប័នផ្តល់សេវាពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន សំដៅពន្លឿនដំណើរការ និងប្រសិទ្ធភាពនៃការងារតភ្ជាប់ ឱ្យទាន់ពេលមុនការបញ្ចប់ការសាងសង់អគារលំនៅឋាន។
ក្រុមការងារបច្ចេកទេសនេះ មានអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួងសេដ្ឋកិច្ច ជាលេខាធិការដ្ឋាន ដោយក្នុងនោះអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន អាចជ្រើសរើសទីប្រឹក្សាបច្ចេកទេស តាមការសម្រេចរបស់ប្រធានគណៈកម្មាធិការអន្តរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដើម្បីជួយគាំទ្រដល់ការងារប្រតិបត្តិការរបស់អគ្គនាយកដ្ឋាន ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី