2025-02-20
ទូច សូរិយា
2025-02-20
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់នៅកម្ពុជា ពង្រឹងសមត្ថភាព ធានាអនុលោមភាព និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវាកម្មរបស់ខ្លួនឱ្យបាន១០០% យ៉ាងយូរត្រឹមឆ្នាំ២០៣០។
ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទឹកគ្មានចំណូល» ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា ក្រសួង កំពុងអនុវត្តវិធានការកែទម្រង់មួយចំនួនសម្រាប់វិស័យទឹកស្អាត រួមមាន៖ ការពង្រឹងសមត្ថភាពមន្ទីររាជធានី-ខេត្តក្នុងការរចុះធ្វើអធិការកិច្ចចរន្ត និងត្រួតពិនិត្យភាពអនុលោមរបស់ប្រតិបត្តិករ, លើកទឹកចិត្តដល់ការវិនិយោគខ្នាតធំ និងមធ្យម ដោយផ្គត់ផ្គង់ទឹកដុំជូនប្រតិបត្តិករដែលស្ទើរលទ្ធភាព និងកៀរគរហិរញ្ញប្បទានវិនិយោគក្នុងវិស័យទឹកស្អាត ពិសេសគាំទ្រប្រតិបត្តិករឱ្យពង្រឹងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតស្របតាមលក្ខខណ្ឌប្រកាសអនុញ្ញាត។
ក្នុងវគ្គបណ្តុះបណ្តាល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានមានប្រសាសន៍ថា ការកាត់បន្ថយទឹកគ្មានចំណូលឱ្យស្ថិតក្នុងកម្រិតទាបបំផុត គឺជាកត្តាសំខាន់មួយក្នុងការធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាជូនរដ្ឋាករទឹកចំនួន៥ តាមសំណើរបស់ក្រសួងឧស្សាហកម្ម សម្រាប់ការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទឹកស្អាតនៅតាមខេត្តគោលដៅមួយចំនួន រួមមាន៖ ខេត្តកំពត ស្វាយរៀង កំពង់ធំ មណ្ឌលគីរី និងពោធិ៍សាត់៕
នាំមកជូនដោយ