2024-11-25
គិត បុប្ផា
2024-11-25
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ស្នើឱ្យប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរទាំងអស់ រក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ ក្នុងអំឡុងពេលពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤។ ការជំរុញបែបនេះ របស់ក្រសួងទេសចរណ៍ គឺដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប។
តាមសេចក្តីណែនាំ ដែលចុះផ្សាយកាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យសមុទ្រ ក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រសួងទេសចរណ៍ ក៏ជំរុញឱ្យម្ចាស់អាជីវកម្ម បង្ហាញផលិតផល ឬសេវាកម្មជាសាធារណៈគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យច្បាស់ ដើម្បីជាមូលដ្ឋានឱ្យភ្ញៀវពិចារណាទិញផលិតផល ឬប្រើប្រាស់សេវាកម្មទេសចរណ៍ទាំងនោះ។ លើសពីនេះទៅទៀត ម្ចាស់អាជីវកម្មត្រូវក្រើនរំលឹកពីសីលធម៌ និងសុជីវធម៌ដល់បុគ្គលិក ក្នុងការទទួលបដិសណ្ឋារកិច្ច ព្រមទាំងមានឯកសណ្ឋានត្រឹមត្រូវតាមផ្នែកនីមួយៗ ពិសេសស្នើសុំឱ្យមានការបញ្ចូលលក្ខណៈជាខ្មែរផងដែរ។
ប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរ ត្រូវរក្សាអនាម័យបន្ទប់ទឹក និងបែងចែករវាងបន្ទប់ទឹកប្រុស-ស្រី ដើម្បីរក្សាសុវត្ថិភាព ពិសេសត្រូវចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានសកម្មនូវយុទ្ធនាការ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។ អាជីវករ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ, រៀបចំចំណតឱ្យបានគ្រប់គ្រាន់ដល់ភ្ញៀវ និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និងយានយន្ត ដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។
ប្រតិបត្តិករទេសចរណ៍ ត្រូវតុបតែងលម្អអំពូលភ្លើងបំភ្លឺ តុបតែងលម្អ និងដាក់បង្ហាញទង់ជាតិកម្ពុជាផ្នែកខាងក្រៅទីតាំង និងផ្នែកខាងក្នុងអាជីវកម្ម រួមទាំងត្រូវដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង និងបង្ហាញពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ម្ចាស់អាជីវកម្ម ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន របស់រាជរដ្ឋាភិបាល និងត្រូវចូលរួមសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តតាមសេចក្តីណែនាំនេះ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី