SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តក្រុមហ៊ុន Yunnan Investment Group ឱ្យស្វែងរកឱកាស វិនិយោគក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា


ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តក្រុមហ៊ុន Yunnan Investment Group ឱ្យស្វែងរកឱកាស វិនិយោគក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តក្រុមហ៊ុន Yunnan Investment Group របស់ចិន ឱ្យស្វែងរកឱកាសវិនិយោគថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។

នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារជាមួយលោក LU Wei តំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ជាក្រុមហ៊ុនដែលគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Group ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចពីឱកាសពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ពិសេសការអភិវឌ្ឍឧស្សាហកម្មផលិតវត្ថុធាតុដើម និងធាតុចូលផលិតកម្មសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រក្នុងស្រុក ព្រមទាំងការពង្រីក

វិស័យកសិ-ឧស្សាហកម្ម និងការនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់ទីផ្សារចិន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច យើងត្រូវអភិវឌ្ឍបន្ថែមទៀតនូវរោងចក្រដែលមានសមត្ថភាពផលិតវត្ថុធាតុដើម និងធាតុចូលផលិតកម្មនៅក្នុងស្រុក។ នេះគឺជាឱកាសវិនិយោគថ្មីសម្រាប់ក្រុមហ៊ុន Yunnan Investment Group។"

លោក LU Wei បានបញ្ជាក់ការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុននៅកម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ពង្រីកកិច្ចសហប្រតិបត្តិការ លើសពីវិស័យអាកាសយានដ្ឋាន ដោយលើកឡើងថា៖ "ក្រៅពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ យើងសង្ឃឹមថានឹងអាចអភិវឌ្ឍគម្រោងសហប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ក្រោមក្របខណ្ឌច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ។"

លោក LU Wei ក៏បានរាយការណ៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរជាង ៤,២លាននាក់ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ កាលពី៣ឆ្នាំមុន និងកំពុងខិតខំពង្រីកការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងចិន។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ការបន្តទំនាក់ទំនងល្អជាមួយក្រុមហ៊ុន Yunnan Investment Group និងលើកទឹកចិត្តឱ្យក្រុមហ៊ុនកំណត់វិស័យដែលខ្លួនមានជំនាញឯកទេស និងចំណាប់អារម្មណ៍វិនិយោគជាក់លាក់ ដើម្បីស្វែងរកលទ្ធភាពសហការជាមួយក្រសួង។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី