2023-11-20
គិត បុប្ផា
2023-11-20
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជាបណ្ដោះអាសន្ន ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប និងអតិថិជនក្នុងវិស័យអចលនទ្រព្យ ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុតាំងពីជួបវិបត្តិកូវីដ១៩មក ដោយមិនបាច់ធ្វើសំវិធានធន រយៈពេល១២ខែ។
ដោយមើលឃើញពីការជួបប្រទះនូវការលំបាកផ្នែកហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋកិច្ច របស់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប និងអតិថិជនក្នុងវិស័យអចលទ្រព្យ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩មក សម្តេច ហ៊ុន ម៉ាណែត បានណែនាំក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២៣ ដោយលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យផ្តល់ហិរញ្ញប្បទាន និងរៀបចំឥណទានឡើងវិញ សម្រាប់វិស័យដែលទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីវិធានការរួមដោយអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ដអនុវត្តអនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រឹមកម្រិត ១,២៥ភាគរយ និងបន្ដអនុវត្តអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណត្រឹមកម្រិត ៧ភាគរយ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ មួយវិញទៀត សម្តេចបាន អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍ខេត្តសៀមរាប ដោយផ្តល់ជូនអតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ បណ្ដោះអាសន្ន ដោយមិនបាច់ធ្វើសំវិធានធន រយៈពេល១២ខែ។
សម្រាប់វិស័យអចលនទ្រព្យវិញ សម្តេចធិបតីនាយរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ដល់អតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន ដោយត្រូវអនុវត្តម៉ឺងម៉ាត់តាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។ ជាមួយគ្នានេះ គ្រឹះស្ថានត្រូវធ្វើការសិក្សា និងវិភាគឱ្យបានច្បាស់លាស់អំពីស្ថានភាពរបស់អតិថិជន និងផលប៉ះពាល់នៃឥណទានរបស់អតិថិជនទាំងនោះ ចំពោះប្រព័ន្ធទាំងមូល ព្រមទាំងអាចស្នើសុំការពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពិចារណាអំពីវិធានការអនុគ្រោះតាមករណីជាក់ស្ដែងបន្ថែមទៀត៕
នាំមកជូនដោយ