SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យស្ថាប័នផ្តល់ឥណទានរៀបចំហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការអាជីវកម្មខ្នាតតូច


ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យស្ថាប័នផ្តល់ឥណទានរៀបចំហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការអាជីវកម្មខ្នាតតូច
A+ A-

ភ្នំពេញ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យស្ថាប័នផ្តល់ឥណទាន ប្រើប្រាស់របាយការណ៍លំហូរសាច់ប្រាក់ឱ្យបានកាន់តែទូលំទូលាយ និងរៀបចំហិរញ្ញប្បទានឱ្យស្របនឹងតម្រូវការរបស់អាជីវកម្មខ្នាតតូច ដើម្បីឱ្យអាជីវកម្មទាំងនេះអាចទទួលការបញ្ជាទិញក្នុងបរិមាណកាន់តែច្រើន វិនិយោគលើគ្រឿងម៉ាស៊ីន និងអាចផលិតផ្គត់ផ្គង់ដល់រោងចក្រធំៗ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "អ្នកផលិតអាហារត្រូវការទុនបង្វិលនៅពេលរង់ចាំការទូទាត់។ សិប្បកម្មមួយត្រូវការពេលវេលាដើម្បីសងប្រាក់កម្ចីដែលបានយកមកទិញគ្រឿងម៉ាស៊ីន។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបបង្កើតថ្មីអាចត្រូវការកៀរគរទុនពីវិនិយោគិន មុននឹងមានលទ្ធភាពខ្ចីប្រាក់។"

ឯកឧត្តមបានសង្កត់ធ្ងន់លើការប្រើរបាយការណ៍អាជីវកម្ម និងកំណត់ត្រាទូទាត់ឌីជីថល ដើម្បីវាយតម្លៃសមត្ថភាពសងប្រាក់របស់អ្នកខ្ចី ព្រមទាំងលើកពីជម្រើសហិរញ្ញប្បទាន ដូចជាការបង់រំលោះគ្រឿងម៉ាស៊ីន ហិរញ្ញប្បទានផ្អែកលើវិក្កយបត្រ ឬការបញ្ជាទិញ និងការធានាឥណទានជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចពីប្រព័ន្ធទូទាត់បាគង ជាឧទាហរណ៍មួយនៃនវានុវត្តន៍ហិរញ្ញវត្ថុ ដោយអាជីវករអាចប្រើកូដ QR តែមួយ សម្រាប់ទទួលការទូទាត់ពីអតិថិជនដែលប្រើសេវារបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។

ឯកឧត្តមបានបន្ថែមថា៖ "ហិរញ្ញប្បទានផ្តល់ផលកាន់តែច្រើន នៅពេលអាជីវកម្មមានជំនាញបច្ចេក​ទេស បច្ចេកវិទ្យា ផលិតផលមានគុណភាព និងអតិថិជន ដែលជួយឱ្យអាជីវកម្មទាំងនោះប្រើប្រាស់ទុនបានប្រកបដោយប្រសិទ្ធភាព។"

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ ពង្រឹងការធានាសុវត្ថិភាពប្រតិបត្តិការ បង្ហាញថ្លៃសេវាឱ្យបាន​ច្បាស់​លាស់ និងដោះស្រាយបញ្ហាដោយយុត្តិធម៌ ដើម្បីពង្រឹងទំនុកចិត្តលើការទូទាត់តាមប្រព័ន្ធឌីជីថល។

កិច្ចប្រជុំកំពូល Black Swan Summit Cambodia ត្រូវបានសហការរៀបចំឡើង ដោយធនាគារជាតិនៃកម្ពុជា និងបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN) នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងបណ្តាប្រទេសហ្វ្រង់កូហ្វូនី តាមរយៈកិច្ចសហការលើការទូទាត់ឆ្លងដែន និងសេវាហិរញ្ញវត្ថុឌីជីថល។


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី