2026-11-19
SME News
2026-11-19
SME News
សិង្ហបុរី៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសហគ្រាសធុនតូច និងមធ្យមសកល នៅប្រទេសសិង្ហបុរី ក្នុងក្របខ័ណ្ឌកិច្ចប្រជុំប្រចាំឆ្នាំ Insights2040 និងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមសកល លើកទី១២។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យពង្រឹងការតភ្ជាប់រវាងការគាំទ្រសហគ្រាស ឱកាសទីផ្សារ និងហិរញ្ញប្បទានសមស្រប ដើម្បីជួយសហគ្រាសធុនមីក្រូ តូច និងមធ្យម វិនិយោគ បង្កើនផលិតភាព និងរក្សាសមត្ថភាពប្រកួតប្រជែង។
វេទិកាដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមានកិច្ចពិភាក្សាតុមូលស្តីពី «គោលនយោបាយផ្សារភ្ជាប់នឹងទុន៖ ការកាត់បន្ថយគម្លាតហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម» និងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្តីពី «កំណើន ការងារ និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម»។
ក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី ឯកឧត្តម ហែម វណ្ណឌី បានរំលេចអំពីយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦–២០៣០ របស់កម្ពុជា ដែលផ្តោតលើការធ្វើសាមញ្ញកម្មនីតិវិធី ការពង្រឹងសមត្ថភាពផលិតកម្ម បច្ចេកវិទ្យា ស្តង់ដារ ការតភ្ជាប់ទីផ្សារ និងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន។
ឯកឧត្តមបានលើកឡើងថា៖ "គោលដៅរបស់យើងគឺធ្វើឱ្យគោលនយោបាយអភិវឌ្ឍសហគ្រាស និងគោលនយោបាយហិរញ្ញវត្ថុ បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ការពង្រឹងសមត្ថភាពសហគ្រាសជួយបង្កើនលទ្ធភាពទទួលបានឥណទាន ខណៈហិរញ្ញប្បទានសមស្របអាចជួយសហគ្រាសកែលម្អផលិតកម្ម ពង្រីកទីផ្សារ និងទប់ទល់នឹងវិបត្តិ។"
កិច្ចសន្ទនានេះមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីប្រទេសកាមេរូន និងម៉ាល់ឌីវ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្រោមការសម្របសម្រួលរបស់តំណាងធនាគារពិភពលោក។
ក្រៅពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ឯកឧត្តម ហែម វណ្ណឌី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រសហគ្រាសកម្ពុជាក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញា បំពេញតាមស្តង់ដារ និងពង្រីកទីផ្សារ។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី