2024-09-16
ទូច សូរិយា
2024-09-16
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រុមហ៊ុនធំៗចំនួន៣ កំពុងសិក្សាពីសក្ដានុពលនៃការវិនិយោគបង្កើតរោងចក្រក្នុងខេត្តព្រៃវែង ដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលស្របតាមយុទ្ធសាស្ត្របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា ក្នុងចំណោមក្រុមហ៊ុនធំៗចំនួន ៣នេះ មានក្រុមហ៊ុនចំនួន ២ នឹងចាប់ផ្ដើមសកម្មភាពនាពេលឆាប់ៗខាងមុខនេះហើយ ដែលក្នុងនោះ នឹងផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងពង្រីកការនាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា ដើម្បីជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន រដ្ឋបាលខេត្តព្រៃវែង ដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាល នឹងរួមគ្នាសិក្សាអំពីផលិតផលដែលមានសក្ដានុពលនៅតាមមូលដ្ឋានក្រុង ស្រុក ទាំងផលិតផលកសិកម្ម និងសិប្បកម្មនានា។
ក្នុងឱកាស នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស ក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ រួមទាំងអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង នឹងមានចលនារួមមួយ ដោយសម្រាំងយកផលិតមួយចំនួនរៀបចំវេចខ្ចប់ធ្វើជាអំណោយជូនភ្ញៀវជាតិ និងអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់វិស័យឯកជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលមានទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា ឱ្យរួមចំណែកផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលក្នុងស្រុក ជាពិសេសដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលស្របតាមទស្សនៈ «ធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី