2026-11-19
SME News
2026-11-19
SME News
ភ្នំពេញ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធុរកិច្ចកាណាដា ដឹកនាំដោយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដើម្បីពិភាក្សាការពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យាកសិកម្ម និងការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីចំណាប់អារម្មណ៍របស់ធុរកិច្ចកាណាដាចំពោះទីផ្សារកម្ពុជា បន្ទាប់ពីពួកគេបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមានប្រជាជនកាណាដាប្រមាណ ៥០០ នាក់ សាកលវិទ្យាល័យចំនួន ១២ និងធុរកិច្ចកាណាដាជាង ៥០ ចូលរួម។ ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកាណាដា និងអាស៊ាន ព្រមទាំងសក្តានុពលក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា។
ឯកឧត្តម Christian DesRoches បានលើកឡើងថា៖ “យើងមើលឃើញឱកាសដ៏មានសក្តានុពលសម្រាប់ធុរកិច្ចកាណាដា ក្នុងការបង្កើតភាពជាដៃគូយូរអង្វែង និងពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា។”
គណៈប្រតិភូបានបង្ហាញដំណោះស្រាយបច្ចេកវិទ្យា រួមទាំងប្រព័ន្ធឌីជីថលតាមដានប្រភពដើមសម្រាប់ផលិតផលកសិកម្មនិងសាច់ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម។ ភាគីកាណាដាក៏បានស្នើបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដោយផ្តល់ឱកាសឱ្យកសិករ និងនិស្សិតកម្ពុជាទៅសិក្សា និងទទួលបទពិសោធន៍នៅប្រទេសកាណាដា។
ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានណែនាំបច្ចេកវិទ្យាប្រព្រឹត្តកម្មទឹកស្អាត ដែលអាចជួយពង្រីកការផ្គត់ផ្គង់ និងដំណោះស្រាយទឹកស្អាតសម្រាប់សហគមន៍នៅតាមតំបន់ជនបទ។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំណាប់អារម្មណ៍ និងសំណើសហប្រតិបត្តិការ ដោយបញ្ជាក់ថា ការនាំយកដំណោះស្រាយបច្ចេកវិទ្យាគួរភ្ជាប់ជាមួយការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាលជំនាញ និងការចូលរួមពីដៃគូក្នុងស្រុក។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃប្រព័ន្ធតាមដានប្រភពដើមផលិតផល ក្នុងការធានាតម្លាភាព ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងជួយឱ្យផលិតផលកម្ពុជាមានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ប្រព័ន្ធតាមដានប្រភពដើមផលិតផល មិនមែនគ្រាន់តែជាការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល។”
ឯកឧត្តមបានជំរុញឱ្យគណៈប្រតិភូបន្តសហការជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង ដើម្បីសិក្សាលទ្ធភាពអនុវត្តគម្រោងសាកល្បង ស្វែងរកដៃគូក្នុងស្រុក និងនាំយកបច្ចេកវិទ្យាដែលមានតម្លៃសមរម្យ អាចប្រកួតប្រជែងបាននៅលើទីផ្សារ និងអាចឱ្យសហគ្រាសក្នុងស្រុកកាន់តែច្រើនចាប់យកទៅប្រើប្រាស់។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី