2023-11-07
គិត បុប្ផា
2023-11-07
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់យុទ្ធសាស្រ្ដអភិវឌ្ឍន៍ខេត្តនៅជាប់សមុទ្រ ជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ដើម្បីឈានទៅប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ការលើកឡើងរបស់សម្តេចធិបតីបែបនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយនឹងកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ
សម្តេចធិបីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្ដានុពលសេដ្ឋកិច្ច ដូច្នេះគ្រប់តំបន់ទាំងអស់ ជាពិសេសតំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្ម ទាមទារឱ្យសមត្ថកិច្ច និងកងរាជអាវុធហត្ថក្នុងខេត្ដព្រះសីហនុ ត្រូវបំពេញភារកិច្ចបម្រើនូវស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ។
សម្ដេចប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា៖«ខេត្តព្រះសីហនុ បើអភិវឌ្ឍន៍បានត្រឹមត្រូវ គឺចិញ្ចឹមច្រើនណាស់ ចិញ្ចឹមសេដ្ឋកិច្ច ហើយខេត្តនៅជុំវិញនោះ គឺបានផលច្រើនណាស់ ព្រោះសក្ដានុពលនៅមួយកន្លែង តែផលចែកចាយ»។ ជាមួយគ្នានេះ រដ្ឋាភិបាលមិនឱ្យខេត្តជាប់សមុទ្រទាំងអស់ក្នុងប្រទេស ប្រកួតប្រជែងគ្នាទេ តែត្រូវរួមគោលដៅតែមួយក្នុងការអភិវឌ្ឍសក្តានុពលរៀងខ្លួន ដើម្បីទៅប្រកួតជាមួយប្រទេសជិតខាងវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១,៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថា រដ្ឋាភិបាលកំពុងឱ្យក្រសួងទេសចរណ៍បើកមុខព្រួញជើងហោះហើរ ភ្ជាប់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ព្រោះពេលអនាគតខេត្តព្រះសីហនុ នឹងបង្កើនការផ្សារភ្ជាប់តាមរយៈផ្លូវទឹក ជាមួយថៃ ហ្វីលីពីន រហូតដល់ម៉ាឌីវទៀតផង៕
នាំមកជូនដោយ