2026-06-03
ទូច សូរិយា
2026-06-03
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ CEO Master Club បានពិភាក្សាអំពីកិច្ចសហការ ក្នុងការពង្រឹងសមត្ថភាពសហគ្រិន លើកកម្ពស់ផលិតផលក្នុងស្រុក បង្កើនភាពធន់ និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា។
ក្នុងកិច្ចពិភាក្សា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អោម សេងបូរា ដែលដឹកនាំគណៈប្រតិភូ CEO Master Club បានស្នើសុំការគាំទ្រពីក្រសួងឧស្សាហកម្មលើយុទ្ធនាការ ការផ្សព្វផ្សាយស្តង់ដារូបនីយកម្ម ការរួមចំណែកជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការលើកកម្ពស់ផលិតផលសម្រាប់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។ ឯកឧត្តមបណ្ឌិត អោម សេងបូរា ក៏បានបង្ហាញអំពីការងារសំខាន់ៗរបស់ CEO Master Club រួមមាន វិទ្យាស្ថាន CEO ដែលបានបណ្តុះបណ្តាលសហគ្រិនរាប់ម៉ឺនាក់ យុទ្ធនាការ «ខ្មែរត្រូវតែខ្លាំង» ដែលមានគោលបំណងប្រែក្លាយការឈឺចាប់ទៅជាកម្លាំងជាតិដោយផ្តោតលើគោលការណ៍ «រួបរួមគ្នា ស្តង់ដា និងសមត្ថភាព» ព្រមទាំងផែនការរៀបចំពិព័រណ៍ម្ហូបអាហារ។
ចំពោះពិព័រណ៍ម្ហូបអាហារ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកទឹកចិត្តឱ្យ CEO Master Club ផ្តោតលើការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាថា អ្នកចូលរួមនឹងផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានចំពោះគុណភាព និងសុវត្ថិភាពនៃផលិតផលម្ហូបអាហារកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ស្តង់ដា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការឈានចូលទីផ្សារ និងបានស្នើឱ្យវិទ្យាស្ថាន CEO ជួយផ្សព្វផ្សាយចំណេះដឹងអំពីស្តង់ដា និងបទប្បញ្ញត្តិនានា ជូនដល់សហគ្រិន ពិសេសបានបញ្ជាក់អំពីការចូលរួមរបស់កម្ពុជាក្នុងស្ថាប័នស្តង់ដាអន្តរជាតិ និងបានអញ្ជើញវិស័យឯកជនឱ្យចូលរួមជាតំណាងកម្ពុជា ក្នុងគណៈកម្មាធិការបច្ចេកទេស ដើម្បីរួមចំណែកដល់ការរៀបចំស្តង់ដាសកល ដូចជាក្នុងវិស័យម្ហូបអាហារ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងស្ពានដើម្បីភ្ជាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមទៅកាន់ទីផ្សារ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើនការប្រើប្រាស់ធាតុចូលផលិតកម្មក្នុងស្រុក និងការលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហការក្នុងការផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងសម្រាប់ធុរកិច្ច ការគាំទ្រដល់ការចុះឈ្មោះសហគ្រាសមីក្រូលើថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការជំរុញឱ្យសហគ្រិនប្រើប្រាស់សេវាសាធារណៈដោយផ្ទាល់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នករត់ការ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី