2025-06-22
ឃី ភារៈ
2025-06-22
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា កម្ពុជា មានការប្តេជ្ញាចិត្តមុតមាំចំពោះចក្ខុវិស័យក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន ដែលផ្អែកលើមូលធនមនុស្ស ឧត្តមភាពនៃការស្រាវជ្រាវ និងសមាហរណកម្មក្នុងតំបន់។ ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២១(AMMSTI-21) ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្តថា កម្ពុជា ក៏កំពុងរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយថ្មីៗ ដូចជាអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ ច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា មូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិដើម្បីកៀគរធនធានជាដើម។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្របខ័ណ្ឌទាំងនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមរបស់កម្ពុជា ក្នុងការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ជំរុញកំណើនប្រកបដោយនិរន្តរភាព និងបរិយាបន្ននៅក្នុងអាស៊ាន។
តារយៈគំនិតផ្តួចផ្តើមមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ក្រោមកិច្ចសហការដឹកនាំដោយកម្ពុជា និងឥណ្ឌូនេស៊ី ដែលជាវេទិកាផ្គូផ្គងសម្រាប់ការផ្សារភ្ជាប់ការស្រាវជ្រាវ នវានុវត្តន៍ និងការធ្វើពាណិជ្ជកម្មផលិតផលបច្ចេកវិទ្យានៅទូទាំងអាស៊ាន ឯកឧត្តម ហែម វណ្ណឌី បានស្នើបង្កើតគំនិតផ្តួចផ្តើមចំនួន៦ ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥ ដោយរួមមានការបន្ស៊ីការស្រាវជ្រាវជាតិជាមួយវេទិកាតំបន់ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការបង្កើតប្រព័ន្ធពិនិត្យតាមដានវឌ្ឍនភាពក្នុងតំបន់ ការលើកកម្ពស់ភាពជាដៃគូវិស័យសាធារណៈ និងឯកជននៅក្នុងបច្ចេកវិទ្យាសក្តានុពលឈានមុខ និងការបង្កើតផែនការសកម្មភាពលម្អិត។
គួរបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំ AMMSTI-21 ឯកឧត្តមហែម វណ្ណឌី បានជួបទ្វេភាគីដោយឡែក ជាមួយសាស្រ្តាចារ្យ Kazuhito Hashimoto ប្រធានទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (JST), រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ម៉ាឡេស៊ី, និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើការស្រាវជ្រាវ និងការកសាងសមត្ថភាពរួមគ្នាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី