2026-04-21
ទូច សូរិយា
2026-04-21
ទូច សូរិយា
ភ្នំពេញ៖ កាណាដា នឹងជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្តម Christian DesRoches បានអរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខានាពេលខាងមុខឆាប់ៗនេះ។
លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ក្នុងនោះ សម្ដេចធិបតី បានបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិផងដែរ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី