2025-03-22
ទូច សូរិយា
2025-03-22
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់កោះនរា ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។ គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ ជាគម្រោងជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដើម្បីជួយសម្រួលដល់គម្រោងអភិវឌ្ឍន៍កោះនរាថ្មីរបស់ក្រុមហ៊ុន OCIC។
គម្រោងនេះ នឹងរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពសរុប ៤៦០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ, ការដំឡើងប្រព័ន្ធអេឡិចត្រូមេកានិក, សម្ភារបរិក្ខារ និងបំពង់មេនាំទឹកឆៅទំហំមុខកាត់ ១ ៤០០មម ចំនួន២ខ្សែប្រវែង ១ ៦០០ម៉ែត្រ។ ការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយបូមទឹកឆៅថ្មីកោះនរា មកកាន់បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមុខកាត់ ១ ៦០០មម ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយប៉ះពាល់ទៅដល់អតិថិជនជាអ្នកប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណ ១ លាននាក់។
ក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលមានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា នេះជាលើកទី១ ដែលកម្ពុជា អាចតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពង់ដែលមានមុខកាត់ធំបែបនេះ។
ប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មនានា ដែលត្រូវការទឹកស្អាត បន្ថែមលើតម្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ គម្រោងនេះ ក៏បង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន OCIC ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយក្រុមហ៊ុនបានសាងសង់ជំនួសមកវិញនូវស្ថានីយបូមទឹកឆៅមួយ ដែលមានសមត្ថភាពលើសពីស្ថានីយបូមទឹកឆៅក្ដីតាកុយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី