2024-07-20
គិត បុប្ផា
2024-07-20
គិត បុប្ផា
ភ្នំពេញ៖ បាត់ដំបង គឺជាខេត្តគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីរមណីយដ្ឋាន និងប្រាសាទសក្តានុពលទេសចរណ៍ ក្នុងខេត្តបាត់ដំបងចំនួន ១៩កន្លែង ដល់ភ្ញៀវទេសចរសម្រាប់ទៅកម្សាន្ត ដូចខាងក្រោម៖
(១) ប្រាសាទបាណន់ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ពីក្រុងបាត់ដំបង និងជាស្ថាបត្យកម្មរចនាប័ទ្មពាក់កណ្តាល ស.វទី១១ និងចុងស.វទី១២។ (២)ឡូរីជើងភ្នំបាណន់ មានទីតាំងនៅជើងប្រាសាទបាណន់ ហើយភ្ញៀវទេសចរ អាចទស្សនាទេសភាពព្រៃភ្នំ ញ៉ាំអាហារ ដើរលេងថ្មើរជើង ជិះឡូរី និងចំណុចផ្សេងៗទៀត។ (៣) ប្រាសាទឯកភ្នំ ឬឯកភ្នំ ជាស្ថាបត្យកម្មរចនាប័ទ្មក្នុង ស.វទី១១ មានទីតាំងនៅក្នុង ឃុំពាមឯក ស្រុកឯកភ្នំ ចម្ងាយ ១៥គ.ម ពីទីរួមខេត្តបាត់ដំបង នៅជុំវិញប្រាសាទមានគូទឹកមួយ។
(៤) ប្រាសាទស្នឹង ធ្វើអំពីឥដ្ឋនៅលើដីទួលមានបណ្តោយ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ កសាងនៅស.វទី១២ និងនៅពីក្រោយប្រាសាទមានវិហារមួយទៀតកសាងថ្មី ហើយប្រាសាទទាំងពីរនេះស្ថិតនៅបរិវេណវត្តស្នឹង ឃុំស្នឹង ស្រុកបាណន់ ចម្ងាយ២២គ.ម ពីទីប្រជុំជនខេត្ត។ (៥) ប្រាសាទបាសែត ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ហើយនៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយ ដែលមានជណ្តើរជុំវិញធ្វើអំពីថ្មបាយក្រៀម ហើយបានផ្តល់ទឹកខួបប្រាំង ខួបវស្សា ស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ មានចម្ងាយ ១៤.៣៦ គ.មពីសាលាខេត្ត។
(៦) រមណីយដ្ឋានភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិ មានចម្ងាយ១២គ.ម ពីទីក្រុងបាត់ដំបង នៅលើកំពូលភ្នំនេះមានព្រះវិហារ និងល្អាងសំខាន់ៗ៣ គឺល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុភ នៅក្បែរៗ និងភ្នំសំពៅមានចង្កោមភ្នំសំខាន់ៗមួយចំនួន ដែលទាក់ទងទៅនឹងរឿងនិទានខ្មែរ គឺរឿងរាជកុល និងនាងរំសាយសក់ រួមទាំងមានភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ ។ (៧) អាងកំពីងពួយ ជារមណីយដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិ ស្ថិតនៅប៉ែកខាងលិច នៃទីរួមខេត្តបាត់ដំបង ដែលបានកសាងឡើង ក្នុងសម័យ ប៉ុល ពត ដោយកម្លាំងមនុស្សសុទ្ធសាធ និងស្ថិតនៅក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ (៨) ល្អាង ១០០ ភ្នំប្រាំពីរធម្មជាតិ មានទីតាំងស្ថិតនៅ ភូមិបូរ ឃុំបួរ ស្រុកភ្នំព្រឹក ហើយភ្ញៀវទេសចរ អាចទស្សនាទេសភាពព្រៃភ្នំ ឈ្វេងយល់ពីប្រវត្តិសាស្ត្រ ឡើងភ្នំ ដើរលេងថ្មើរជើង ទស្សនាសួនផ្កា និងចំណុចផ្សេងៗទៀត។
(៩) រមណីយដ្ឋានធម្មជាតិកែច្នៃ ទឹកធ្លាក់ចំការស្វាយ មានផ្ទៃដីសរុប ៨៤ហិកតា ស្ថិតនៅភូមិស្រែល្ពៅ ឃុំមានជ័យ ស្រុកសំឡូត និង(១០) ទឹកធ្លាក់ចម្ការមៀន ជារមណីយដ្ឋានធម្មជាតិកែច្នៃ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុកសំឡូត។ (១១) រមណីយដ្ឋានធម្មជាតិកែច្នៃ ទឹកធ្លាក់ថ្មជាចម្ការទុរេន នៅភូមិកញ្ចាំង ឃុំទង់ ស្រុកសំឡូត និងស្ទឹងថ្វាក មានទីតាំងស្ថិតនៅភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។ ទី(១២) ចម្ការទុរេនអូរតង (១៣)ទឹកធ្លាក់ភ្នំកំពូល ស្ថិតនៅភូមិអូរល្ហួន ឃុំផ្លូវមាស ស្រុករតនមណ្ឌល និងមានចម្ងាយប្រហែលជាង ៦០គីឡូម៉ែត្រ ពីរង្វង់មូលលោកតាដំបងគ្រញូង និង(១៤) ស្ទឹងខ្វាក មានទីតាំងស្ថិតនៅ ភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។
(១៥) ទឹកពុះកំរៀង មានទីតាំងស្ថិតនៅ ភូមិកំពង់ឆ្លង ឃុំតាក្រី ស្រុកកំរៀង និងមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ពីរង្វង់មូលលោកតាដំបងគ្រញូង។ (១៦)ទឹកធ្លាក់ ៥៣ភ្នំព្រឹក ឬទឹកជ្រោះភ្នំ៥៣ មានទីតាំងស្ថិតនៅ ភូមិអូរ៉ា ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។ ទឹកធ្លាក់ភ្នំ ៥៣នេះ ស្ថិតក្នុងប្រភេទទឹកជ្រោះ ឬទឹកធ្លាក់ព្រៃភ្នំ។ (១៧) វាលចម្បាំងខេមសាយ មានទីតាំងស្ថិតនៅវាលចម្បាំង (បន្ទាយចាស់) ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត មានចម្ងាយប្រហែល ៩០គីឡូ ពីទីរួមខេត្ត។ (១៨) នគរជុំភ្នំព្រឹក មានទីតាំងស្ថិតនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក និងមានចម្ងាយប្រហែល ១៣៧គីឡូម៉ែត្រ ពីរង្វង់មូលលោកតាដំបងគ្រញូង។ (១៩) សួនទឹកសុភមង្គល ឬមជ្ឈមណ្ឌលសុភមង្គល ស្ថិតនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី