2025-07-30
ឃី ភារៈ
2025-07-30
ឃី ភារៈ
ភ្នំពេញ៖ សាច់ញាតិបង្កើត មួយរូបរបស់ «យោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការ» មិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាល នឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូប បន្តវេននៅអង្គភាព ដែល យោធិន និងកងនគរបាលជាតិ បំពេញភារកិច្ច មុនពលីឬធ្លាក់ខ្លួនពិការ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលយប់ថ្ងៃទី ២៩ ខែកក្កដា។
តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន សម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា សម្រាប់យោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។
ទន្ទឹមនឹងនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងសមរភូមិការពារបូរណភាព ទឹកដីអំឡុងពលនេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្តថាសម្រាប់យោធិន និងនគរបាលជាតិ ដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក រាជរដ្ឋាភិបាល នឹងផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។
បន្ថែមលើនេះ សម្ដេចធិបតី បានអំពាវនាវឱ្យសមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះផងដែរ៕
នាំមកជូនដោយ