2024-07-09
គិត បុប្ផា
2024-07-09
គិត បុប្ផា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះរាជសុន្ទរកថា ថា ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯងទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងសុវត្ថិភាពពីគ្រោះធម្មជាតិ ព្រមទាំងសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ។ ព្រះករុណាមានព្រះបន្ទូលបែបនេះ ក្នុងពិធី «រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង យាងជាព្រះរាជាធិបតីភាពក្នុងពិធី «រុក្ខទិវា» លើកទី២៩ ដែលរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ បន្តមានព្រះបន្ទូលថា ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិ ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិសម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីនេះ។ ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក៏បានមានព្រះបន្ទូលរំលឹកអំពីប្រវត្តិរុក្ខទិវានេះ ដែលផ្តួចផ្តើមឡើងដោយ ព្រះបរមរតនកោដ្ឋ តាំងពីសម័យសង្គមរាស្ត្រនិយម។
បន្ថែមពីការថ្លែងអរគុណដល់ប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធានព្រៃឈើ-សត្វព្រៃ ព្រះមហាក្សត្រទ្រង់ក៏មានបន្ទូលថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តតាកែវ ដែលបានសហការជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំពិធីរុក្ខទិវានេះប្រកបដោយជោគជ័យ។
ក្នុងពិធី «រុក្ខទិវា» ដែលស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រះករុណាព្រះមហាក្សត្រ បាន បានឧទ្ទិសឱ្យពិធីនេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ អភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី