2024-04-13
គិត បុប្ផា
2024-04-13
គិត បុប្ផា
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ កម្ពុជា មានទ្រព្យសកម្មសរុបក្នុងគ្រឹះស្ថានធនាគារ រហូតទៅដល់ ៧៧,៤ពាន់លានដុល្លារ ឬស្មើនឹង ២៤៣% នៃផលិតផលក្នុងស្រុកសរុប (GDP)។ បើតាមសមាគមធនាគារនៅកម្ពុជា ចំនួននេះ បានបង្ហាញអំពីស្ថិរភាព និងការរីកចម្រើនរបស់វិស័យធនាគារ ព្រោះថា ក្នុងឆ្នាំ២០២២ ទ្រព្យសកម្មសរុបក្នុងគ្រឹះស្ថានធនាគារមានត្រឹម តែ៦៧,៩ ពាន់លានដុល្លារ ឬស្មើនឹង ២៣០% នៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ។
ក្នុងសេចក្តីប្រកាសព័ត៌មាន សមាគមធនាគារនៅកម្ពុជា បានប្រារព្ធខួបទី៣០ឆាំ្ន និងរំលេចពីភាពរឹងមាំ ការផ្លាស់ប្ដូរ និងកំណើន នៃវិស័យធនាគារនៅកម្ពុជា កាលពីថ្ងៃទី១០ មេសា ក៏បញ្ជាក់ថា ឥណទានក្នុង គ្រឹះស្ថានធនាគារមានចំនួន១៦៣% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៣ ធៀបនឹង ១៥៥% ក្នុងឆ្នាំ២០២២។ ចំណែក ទំហំនៃប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ នៅឆ្នាំ២០២៣វិញ មានប្រហែល១៤៤% ផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៣ កើនឡើងពី១៣០% ធៀបឆ្នាំ២០២២។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេល ៣ទសវត្សរ៍ ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្ដូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា បានធ្វើឱ្យមានភាពរឹងមាំ និងភាពរីកចម្រើននៅក្នុងវិស័យធនាគារនៅកម្ពុជា នឹងឈានទៅរករបត់នៃកំណើនមួយប្រកបដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។ លោកប្រធានសមាគមធនាគារនៅកម្ពុជា បានបន្តថា សមាគមកំពុងធ្វើការយ៉ាងសកម្មក្នុងការគាំទ្រសមាជិករបស់ខ្លួន និងជាច្រកទំនាក់ទំនងជាមួយដៃគូទាំងអស់ ដើម្បីបម្រើឧត្តមប្រយោជន៍សមាជិករបស់ខ្លួននៅក្នុងវិស័យ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានមានប្រសាសន៍បញ្ជាក់ថា៖ «ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ ការបន្តកើនឡើងនូវទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើ នៅក្នុងប្រព័ន្ធធនាគារ គឺបានបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិន មកលើប្រព័ន្ធធនាគារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី