2024-03-28
ទូច សូរិយា
2024-03-28
ទូច សូរិយា
ភ្នំពេញ៖ សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន មានបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញ។ នេះជាការលើកឡើងរបស់លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងជាប្រតិភូសហគ្រាសឧស្សាហកម្មចំនួន១៧ របស់ចិន។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត លោក ស៊ិន មីងរ៉ុង បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការជំរុញ ពង្រីកការវិនិយោគ និងការទាក់ទាញនូវវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ជាពិសេស ប្រែក្លាយខេត្តព្រះសីហនុទៅជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយបើកចំហ ប្រកបដោយភាពបត់បែន រក្សាភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។
តាមការចុះផ្សាយរបស់សម្តេចធិបតី នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោក ស៊ិន មីងរ៉ុង បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន១៧ នេះ ប្រកបអាជីវកម្មលើវិស័យជាច្រើន រួមមាន៖ វិស័យវាយនភណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍន៍ជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាក្រុមហ៊ុនវិនិយោគដែលផលិតនូវផលិតផលផ្សេងៗ ដូចជា ក្រដាស និងដែកជាដើម។
សម្ដេចធិបតី បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង៦០% និងកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវគោលនយោបាយអាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការធ្វើកែទម្រង់វិស័យអប់រំ និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាការពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បីធានាបាននូវធនធានមនុស្ស ដែលអាចឆ្លើយតបទៅតាមតម្រូវការរបស់ក្រុមហ៊ុនឧស្សាហកម្ម និងទីផ្សារការងារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី