2026-01-29
គិត បុប្ផា
2026-01-29
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់សម្ពោធជាផ្លូវការ «គម្រោងធានាឥណទានឯកត្តឥណទានពិសេស» ដើម្បីគាំទ្រគោលនយោបាយ យុទ្ធសាស្រ្ដ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យស្រូវអង្ករ ស្វាយចន្ទី កម្មន្ដសាល ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យជាដើម។
តាមរយៈ «គម្រោងធានាឥណទានឯកត្តឥណទានពិសេស» ម្ចាស់អាជីវកម្ម អាចដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ មក CGCC ដោយផ្ទាល់ ក្នុងការទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០លានដុល្លារ ក្នុងមួយកម្ចី សម្រាប់ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម និងអនុញ្ញាតឱ្យ CGCC ចូលរួមវាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចី រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន។ គម្រោងនេះ ត្រូវបានសម្ពោធជាផ្លូវការនៅក្នុងកម្មវិធីខួប ៥ឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមប្រធានបទ «៥ឆ្នាំ នៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន»។
ក្នុងកម្មវិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ការបង្កើត CGCC ឡើង គឺជាការគិតគូរដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការអន្តរាគមន៍ តាមរយៈយន្តការធានាឥណទាន សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកលដោយផ្អែកលើឧត្តមានុវត្តជាអន្តរជាតិ ក៏ដូចជាការវិវត្តនៃបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។
យន្តការធានាឥណទាន បានចូលរួមយ៉ាងសំខាន់ ក្នុងការអនុវត្តគោល-នយោបាយគន្លឹះនានា របស់រាជរដ្ឋាភិបាល ដូចជាទី១. ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុន តូច និងមធ្យម តាមរយៈការបង្កើនលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន, ទី២. ការពង្រឹងការអភិវឌ្ឍវិស័យឯកជន តាមរយៈការគាំទ្រឱ្យមានការវិនិយោគ, ការពង្រីកប្រតិបត្តិការអាជីវកម្ម និងការបង្កើតការងារបន្ថែមឱ្យបានកាន់តែច្រើន ជាពិសេសសម្រាប់យុវជន។ និងទី៣. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការបង្កើនទំនុកចិត្តក្នុងទីផ្សារ និងការរួមគ្នាគ្រប់គ្រងហានិភ័យ ជាពិសេសក្នុងអំឡុងវិបត្តិ ឬបញ្ហាប្រឈមពីកត្តាខាងក្រៅ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា។
CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែក ដល់កំណើនសេដ្ឋកិច្ច។ ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ CGCC បានដាក់ឱ្យដំណើរការការធានាឥណទាន ឯកត្តឥណទានចំនួន ៧គម្រោង, ការធានាឥណទានជាកញ្ចប់ ចំនួន១៧ កិច្ចព្រមព្រៀង, ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន១ និងការធានាឥណទានបោះដុំចំនួន៣ កិច្ចព្រមព្រៀង ព្រមទាំងបានដាក់ឱ្យដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ តាមរយៈគម្រោងទាំងអស់នេះ CGCC បានអនុម័តការធានាឥណទានចំនួន ៩.៥៥៦ គណនី លើកម្ចី ប្រមាណ ៥២១,២៨លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី