2024-03-02
ទូច សូរិយា
2024-03-02
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Jones Group International របស់អាម៉េរិក ត្រៀមខ្លួនដើម្បីជួយជំរុញឱ្យមានការកើនឡើងនូវពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-អាម៉េរិក។ នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International នៅក្នុងកិច្ចពិភាក្សាដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់អំពីគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីពង្រីកឱ្យបានកាន់តែប្រសើរនូវពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដូចជា៖ ការបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្មឱ្យរលូន រួមមានបង្កភាពងាយស្រួលលើនីតិវិធីគយ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបទប្បញ្ញត្តិរដ្ឋបាល ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកពីការ លើកកម្ពស់តម្រូវការទីផ្សារ តាមរយៈការពង្រីក និងបញ្ជ្រៀតទីផ្សារសម្រាប់ផលិតផលកម្ពុជា(Made in Cambodia) ឬការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA) ឬការពង្រឹងពាណិជ្ជកម្មដែលមានស្រាប់។
ការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី២៧ កុម្ភៈកន្លងទៅ ក្នុងកិច្ចពិភាក្សាដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-អាម៉េរិក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ CDC បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិក អាចគាំទ្រការវិនិយោគរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងសកម្មភាពលើកកម្ពស់ និងផ្សព្វផ្សាយការវិនិយោគ ជាដើម។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ Jim Jones បានបង្ហាញអំពីចំណាប់អារម្មណ៍នូវការដាក់ចេញរបស់រាជរដ្ឋាភិបាលអំពីទិសដៅឆ្នាំ២០៣០ ក្នុងការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងទិសដៅប្រែក្លាយកម្ពុជា ពីប្រទេសប្រើប្រាស់កម្លាំងពលកម្មទៅជាប្រទេសប្រើប្រាស់ជំនាញបច្ចេកទេស និងផែនការរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ឯកឧត្តមសេនីយ៍ បង្ហាញភាពជឿជាក់ថា ពាណិជ្ជកម្ម និងការវិនិយោគ នឹងជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កាន់តែល្អកើនឡើងមួយកម្រិតទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី