2025-07-26
គិត បុប្ផា
2025-07-26
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងថា គម្រោងតំបន់សេដ្ឋកិច្ចពិសេស គឺជាកម្លាំងចលករ និងជាដែកឆក់ដ៏មានប្រសិទ្ធភាពក្នុងការស្រូបយកគម្រោងវិនិយោគលើឧស្សាហកម្មថ្មីៗ។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពី វឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្តក្នុងការអភិវឌ្ឍតំបន់ជាមួយគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ ឯកឧត្តម ជា វុទ្ធី បញ្ជាក់ថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលគិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥ បានទាក់ទាញគម្រោងវិនិយោគចំនួន៩៦០ ក្នុងដើមទុនសរុបប្រមាណ ១២,៦ពាន់លានដុល្លារ និងបង្កើតការងារបានជាង ២០ម៉ឺនកន្លែង។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អរគុណវត្តមានអ្នកចូលរួមក្នុងកិច្ចប្រជុំនេះ ដែលបង្ហាញពីឆន្ទៈខ្ពស់របស់ វិស័យឯកជនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់វិស័យឯកជន ដែលបានបោះជំហានទៅមុខឥតដកថយ ក្នុងការបង្កើនវឌ្ឍនភាពគម្រោងវិនិយោគរបស់ខ្លួន ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំ ដែលបានផ្តល់ធាតុចូល សំដៅបង្កើតនូវបរិយាកាសវិនិយោគ ដែលកាន់តែមានភាពអំណោយផលនិងទាក់ទាញ ដើម្បីក្តាប់យកនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ចូលមកវិនិយោគនៅកម្ពុជា។ ឯកឧត្តម ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើបទអន្តរាគមន៍ស្តីពី ទស្សនាទាននៃគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ Integrated Industrial Initiative ដែលជាការចង្អុលបង្ហាញ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ៕
នាំមកជូនដោយ