2025-07-10
ឃី ភារៈ
2025-07-10
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជន ប្រុងប្រយ័ត្នចំពោះល្បិចឆបោក ដោយបង្កើតជារូបភាពកុមារកំព្រា ជនពិការដ៏គួរឱ្យសោកសង្រែង កំពុងត្រូវការជំនួយ សង្គ្រោះបន្ទាន់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បង្កើតឡើងពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋ ដែលមានចិត្តអាណិតអាសូរពិតប្រាកដ តាមរយៈការបរិច្ចាគថវិកា។
បច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បញ្ជាក់ថា ជនខិលខូច បានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះ ផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួសសប្បុរសទៅឱ្យពួកគេ។
ទាក់ទងនឹងបញ្ហាខាងលើ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រាប់ពីវិធីសាស្រ្តមួយចំនួន ដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលត្រូវយល់ដឹង រួមមាន៖ កុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម, កុំចុចតំណភ្ជាប់នានា ដែលគ្មានប្រភពច្បាស់លាស់, ត្រូវរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដែលនៅជិតលោកអ្នកបំផុត, កុំចែករំលែកបន្ត ( Share ) នៅលើគណនីបណ្តាញសង្គមរបស់លោកអ្នក, ត្រូវចូលរួមរាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម (Report) ដូចជា Facebook, Telegram, TikTok សម្រាប់ករណីក្លែងក្លាយខាងលើ៕
នាំមកជូនដោយ