2025-06-27
ឃី ភារៈ
2025-06-27
ឃី ភារៈ
ភ្នំពេញ៖ ថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការស្នើសុំចុះឈ្មោះប្រមាណជាង ៨៥ ៧៧៤នាក់ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដែលរាប់ចាប់តាំងពីការដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ដោយឡែក គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបើកគណនី និងផ្តល់ជា QR Code ប្រមាណជាង ១,៥លាននាក់ សម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការគាំទ្រការរីកចម្រើននៃអាជីវកម្ម ខ្នាតតូច និងអនឡាញ។
ក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជា បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាកំណើន ជាមធ្យមជាង ៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ នៃដំណាក់កាលមុនវិបត្តិនៃជំងឺកូវីដ-១៩។ ចំពោះ រយៈពេលជាង ៣ឆ្នាំចុងក្រោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរ លើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិជាសកលនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា កម្ពុជា អាចសម្រេចបានកំណើនសេដ្ឋកិច្ចដ៏ល្អបែបនេះ គឺដោយសាររាជរដ្ឋាភិបាល បានដាក់ចេញ និងជំរុញការអនុវត្តយ៉ាងសកម្ម ទាន់ពេលនូវគោលនយោបាយត្រឹមត្រូវ មុតស្រួច និងចំទិសដៅ ទៅតាមវិស័យសំខាន់ៗជាអាទិភាពជាច្រើន ដោយក្នុងនោះក៏មានការរួមចំណែកពីវិស័យសក្តានុពលថ្មីមួយចំនួនទៀត គឺការវិនិយោគលើវិស័យ MSMEs និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។ ទន្ទឹមនឹងនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់កម្ចីដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ចំនួន ៨២០ ៩៨៧នាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥ ៣៣០ប៊ីលានរៀល ស្មើនឹង ៣៦,៣ភាគរយ នៃឥណទានសរុបនៃប្រព័ន្ធធនាគារ។
ក្នុងការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា នៅដំណាច់ឆ្នាំ២០២៩ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន បានផ្តល់នូវបច្ច័យមួយចំនួន ដើម្បីរួមគ្នាគិតគូរ និងយកចិត្តទុកដាក់ ដោយក្នុងនោះ រួមមាន៖ ការរិចរិលនៃប្រព័ន្ធអនុគ្រោះ និងទីផ្សារពាណិជ្ជកម្ម, ការថមថយនូវជំនួយអភិវឌ្ឍន៍ផ្លូវការពីដៃគូ ទាំងក្នុងទម្រង់ជាជំនួយឥតសំណង និងជាហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់, ភាពងាយរងគ្រោះទៅនឹងហានិភ័យពីកត្តាខាងក្រៅ, ភាពមានកម្រិតនៃលំហថវិកា ក្នុងករណីមានភាពចាំបាច់នៃតម្រូវការចំណាយអន្តរាគមន៍ ក្នុងទ្រង់ទ្រាយធំ ដោយប្រើប្រាស់ថវិការដ្ឋ និងភាពមានកម្រិតនៃសមត្ថភាពស្ថាប័នទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងនិន្នាការថ្មី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី