2024-01-10
ទូច សូរិយា
2024-01-10
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាជិត ៥លានដុល្លារ ដើម្បីឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ។ នេះជាការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធីសម្ពោធស្ពានកោះយ៉ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុងកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី បានបញ្ជាក់ថា ការអនុវត្តកម្មវិធីឧបត្ថម្ភទឹកប្រាក់ដល់ស្ត្រីមានផ្ទៃពោះ យើងបានធ្វើរួចមកហើយ ទាំងមុនពេលសម្រាល ពេលសម្រាល និងក្រោយពេលសម្រាលកូន។ ក្នុងរយៈពេល ៣ខែមកនេះ រដ្ឋាភិបាលចំណាយថវិកាជិត៥លានដុល្លារ សម្រាប់ការឧបត្ថម្ភថ្មីៗជូនដល់ស្រ្ដីមានផ្ទៃពោះ។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាក់ស្ដែងនៅថ្ងៃនេះក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកមណ្ឌលសីមា កម្មការិនីដែលមានផ្ទៃពោះលើសពី៣ខែ មានជាង ៥០០នាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ពលរដ្ឋនៅក្នុងខេត្តកោះកុងឱ្យយកកូនបន្ថែមទៀត ពោលគឺ ធ្វើយ៉ាងណាកុំឱ្យខេត្តកោះកុងមានចំនួនប្រជាពលរដ្ឋតិចពេក។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងបន្ថែមថា បច្ចុប្បន្នយើងកំពុងដាក់ផែនការក្នុងការអភិវឌ្ឍតំបន់ឆ្នេរ ដែលផ្ដោតលើខេត្តទាំង៤ ខណៈដែលខេត្តកោះកុងមានផែនការ នៅក្នុងការពង្រឹងឧស្សាហកម្មមួយចំនួន ព្រោះសេដ្ឋកិច្ចឧស្សាហកម្មនៅខេត្តកោះកុងអាចនឹងរីកលូតលាស់លឿន ក្នុងរយៈពេល១០ឆ្នាំទៀត។ សម្តេចនាយករដ្ឋមន្ត្រី ក៏រំពឹងថា កម្ពុជា នឹងមានប្រជាពលរដ្ឋរហូតដល់កន្លះលាននាក់បន្ថែមទៀត នៅឆ្នាំ២០៣៣៕
នាំមកជូនដោយ