2025-03-12
ទូច សូរិយា
2025-03-12
ទូច សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក(UN-ESCAP) រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត» ពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហការរវាងវិស័យឯកជន វិស័យសាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា ឱ្យមានលក្ខណៈបរិយាបន្ន ទំនួលខុសត្រូវ និងឆ្ពោះទៅមុខរួមគ្នា ក្នុងទិសដៅតែមួយ។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានបន្តថា សិក្ខាសាលានេះ ក៏មានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។
លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ថា AI ត្រូវតែអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល វិស័យធុរកិច្ច អ្នកស្រាវជ្រាវ និងជាពិសេសយុវជន ត្រូវចូលរួមឱ្យបានសកម្មក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពី AI ដើម្បីធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រនេះមានលក្ខណៈអនុវត្តជាក់ស្តែង មានបរិយាបន្ន និងស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា។
ដោយមានការសហការជាមួយអង្គការ UN-ESCAP ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ក្រោម «គំនិតផ្តួចផ្តើមសហគមន៍អ្នកអនុវត្តសម្រាប់បញ្ញាសិប្បនិម្មិត» ដោយប្រមូលផ្តុំធាតុចូលសំខាន់ៗពីក្រុមអ្នកបច្ចេកទេស មន្ត្រីរដ្ឋាភិបាល និងតំណាងវិស័យឯកជន។ ជាមួយគ្នានេះ បញ្ញាសិប្បនិម្មិត ត្រូវបានព្យាករថានឹងជំរុញផលិតផលក្នុងស្រុករបស់អាស៊ានពី ១០% ទៅ ១៨% ឬប្រមាណ ១ ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី