2025-02-25
គិត បុប្ផា
2025-02-25
គិត បុប្ផា
ភ្នំពេញ៖ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មិនត្រឹមតែជាឧបករណ៍សម្រាប់កំណើនសេដ្ឋកិច្ចនោះទេ តែវាគឺជាមធ្យោបាយនៃការផ្តល់ភាពខ្លាំង និងជឿជាក់ដល់សហគមន៍ តាមរយៈការបង្កើតឱកាស និងការផ្លាស់ប្តូរ ដោយសហគ្រិនតាមជនបទ អាចដាក់លក់ផលិតផលគ្រប់ទីកន្លែងក្នុងពិភពលោក ដោយគ្រាន់តែប្រើទូរសព្ទដៃ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្ម បន្ថែមថា ខណៈកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិឌ្ឍន៍តិចតួច ដូច្នេះយើងត្រូវត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទទួលយកការផ្លាស់ប្តូរនាពេលខាងមុខក្នុងការទាញប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល ដើម្បីជំនួសលើបញ្ហាប្រឈមទាំងនេះផងដែរ។ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឆ្នាំ២០២៤ សម្រាប់កម្ពុជា លោកជំទាវ ចម និម្មល បានលើកយកចំណុចអាទិភាពសំខាន់ៗ ដែលកម្ពុជាត្រូវផ្តោតក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក រួមមាន៖ ១. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយការពង្រីកសេវាអ៊ីនធឺណិត ការដឹកជញ្ជូន និងប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព។
២. ការលើកកម្ពស់អក្ខរកម្មឌីជីថល៖ ធានាថា ប្រជាជនកម្ពុជាទូទាំងប្រទេសមានជំនាញចាំបាច់ក្នុងការចូលរួមសេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈជាដើម។ ៣. ការពង្រឹងការការពារអ្នកប្រើប្រាស់៖ ការបង្កើតបទប្បញ្ញត្តិច្បាស់លាស់ ស្តីពីឯកជនភាពទិន្នន័យ និងការទូទាត់ត្រឡប់ និងបង្កើតក្របខ័ណ្ឌវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងជួយលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើនឱ្យចូលរួមជាមួយទីផ្សារអនឡាញ។
លោកជំទាវ ចម និម្មល ក៏បានលើកទឹកចិត្តឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការជំរុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនេះឱ្យកាន់តែផុសផុល តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មអេឡិចត្រូនិកដ៏រីកចម្រើន ដើម្បីជួយឱ្យកម្ពុជាឈានទៅរកអនាគតឌីជីថល និងប្រកួតប្រជែងបាននៅលើឆាកពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី