2025-02-01
គិត បុប្ផា
2025-02-01
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី បន្ថែមជំនួយថវិកាចំនួន ២លានដុល្លារអូស្រ្តាលី ស្មើប្រមាណ ១,២លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR4) ដើម្បីដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។
ក្នុងកម្មវិធី ចុះហត្ថលេខា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងថា ថវិកាជាង ១០០ដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បានរួមចំណែកក្នុងការងារបោសសម្អាតមីននៅកម្ពុជា ក្នុងនោះថវិកាជាង ៣៥លានដុល្លារ សម្រាប់គម្រោង CFR ចាប់តាំងពីឆ្នាំ២០០៦។
ឯកឧត្តមបណ្ឌិត លី ធុជ បញ្ជាក់ថា រាល់ចម្ការមីន ដែលយើងបោសសម្អាតរួច គឺជាអំណោយជីវិតមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ បន្តថា កម្ពុជា និងអូស្រ្តាលី ត្រូវបន្តរួបរួមគ្នា និងបន្តឈរយ៉ាងរឹងមាំជាមួយគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមកម្ពុជាមួយដែលគ្មានមីន ស្របតាម សុភាសិតខ្មែរបុរាណបានពោលថា «ចង្កឹះមួយដើមគេកាច់បាក់ ចង្កឹះមួយបាច់គេមិនអាចកាច់បាក់បានឡើយ»។
រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ថវិកាជំនួយលើវិស័យបោសសម្អាតមីននៅ កម្ពុជា មានចំនួនជាង ១០០ លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ ដោយក្នុងនោះ ថវិកាមួយភាគធំ បានផ្តល់ដោយផ្ទាល់ទៅប្រតិបត្តិករបោសសម្អាតមីន រួមមាន CMAC, HALO Trust, MAG ។ ថវិកា ដែលបានផ្តល់តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចាប់ពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៤ (២០០៦-២០២៥) មានចំនួន ៣៦ ១៨០ ៦០៥ដុល្លារ។ ចំពោះ សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២លាននាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី