2025-01-29
ទូច សូរិយា
2025-01-29
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា ហាមឃាត់មិនឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលបណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចធ្វើជាទ្រព្យធានា ដើម្បីទប់ស្កាត់ការលក់ដោយបង្ខំនូវបណ្ណកម្មសិទ្ធិទាំងនោះ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្តីពី បច្ចុប្បន្នភាពនៃដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងកិច្ចសន្ទនានេះ បានបង្ហាញថា ចំណោមសកម្មភាពអាទិភាពចំនួន២២ មានសកម្មភាពអាទិភាពចំនួន៤ ត្រូវបានអនុវត្តបានទាំងស្រុង នូវសកម្មភាពអាទិភាពចំនួន១៥ កំពុងត្រូវបានអនុវត្ត និងសកម្មភាពអាទិភាពចំនួន៣ កំពុងត្រូវបានចាប់ផ្តើមអនុវត្ត។ ចំនុចសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពអាទិភាពមានដូចខាងក្រោម៖
ទី១.ការពង្រឹងការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ៖ ការលើកកម្ពស់ស្តង់ដាក្នុងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ដោយរួមបញ្ចូលទាំងការពង្រឹងការអនុវត្តក្រុមប្រតិបត្តិ និងការប្រើប្រាស់ឧបករណ៍វាយតម្លៃ និងតាមដានសុខដុមនីយកម្មនៃកិច្ចការពារអតិថិជន ដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣០ គ្រោងនឹងចូលរួមក្នុងការវាយតម្លៃដោយភាគីទីបី នាពេលខាងមុខ។ ជាមួយគ្នានេះ ធនាគារនិងហិរញ្ញវត្ថុអាចពិនិត្យមើលតាមប្រព័ន្ធអនឡាញនូវព័ត៌មានលើបណ្ណកម្មសិទ្ធិ ដែលត្រូវបានចុះបញ្ជីជាបណ្ណកម្មសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច និងដីគ្រឹះស្ថានដែលជាកម្មសិទ្ធិរដ្ឋ ត្រូវបានហាមឃាត់ដោយច្បាប់ក្នុងការប្រើប្រាស់ជាទ្រព្យធានា។
ទី២. ការធ្វើឱ្យប្រសើរឡើងនូវគោលការណ៍លើកទឹកចិត្តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៖ សូចនាករសមិទ្ធកម្មគន្លឹះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រាប់វាយតម្លៃបុគ្គលិក កំពុងត្រូវបានពិនិត្យ និងកែសម្រួលស្របតាមគោលការណ៍ដែលមានចែងក្នុងក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគោលការណ៍ណែនាំស្តីពីវិធានក្នុងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងគោលការណ៍ «មិនធ្វើឱ្យមានការលំបាក»។ ទី៣.ការការពារផ្លូវច្បាប់៖ សេចក្ដីថ្លែងការណ៍រួមត្រូវបានរៀបចំឡើង ដើម្បីពង្រឹងបទប្បញ្ញត្តិ ដែលមានស្រាប់សម្រាប់ទប់ស្កាត់ការប្រើប្រាស់មិនត្រឹមត្រូវនូវឯកសារសម្គាល់អត្តសញ្ញាណដូចជា បណ្ណសមធម៌ អត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសារ ធ្វើជាទ្រព្យ ធានាសម្រាប់ឥណទានគ្រប់រូបភាព។
ទី៤.យន្តការការពារអ្នកប្រើប្រាស់ និងដោះស្រាយបណ្ដឹង៖ ដើម្បីពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ និងពង្រឹងយន្តការដោះស្រាយបណ្តឹងកំពុងត្រូវបានអនុវត្ត។ ជាក់ស្ដែង មជ្ឈមណ្ឌលអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ កំពុងត្រូវបានរៀបចំបង្កើតឡើង ដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការសិក្សាលើជម្រើសក្នុងការបង្កើតយន្តការប្រឹក្សានិងសន្ធានកម្មបំណុលឯករាជ្យ បន្ថែមពីលើយន្តការដែលកំពុងត្រូវបានអនុវត្តស្រាប់។
ទី៥.ប្រព័ន្ធអេកូឡូស៊ីទិន្នន័យ និងការរៀបចំឥណទានឡើងវិញ៖ ដើម្បីបង្កើតប្រព័ន្ធចែករំលែក វិភាគ និងរាយការណ៍ទិន្នន័យសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ កំពុងត្រូវបានពិនិត្យ។ វិធានការពាក់ព័ន្ធនឹងការរៀបចំឥណទានឡើងវិញត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ដោយផ្ដល់អាទិភាពដល់អតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ រួមទាំងក្រុមងាយរងគ្រោះ និងក្រុមជនជាតិដើមភាគតិច។ ទី៦.នវានុវត្តន៍សេវាធានារ៉ាប់រង៖ កម្មវិធីសាកល្បងពាក់ព័ន្ធនឹងការធានារ៉ាប់រងដំណាំក្រោមសហគមន៍កសិកម្មទំនើបត្រូវបានចាប់ផ្តើម ដោយមានការគាំទ្រពីវិស័យឯកជន។ បន្ថែមពីនេះ ការពង្រឹងការសម្របសម្រួល និងការគាំទ្រផ្នែកហិរញ្ញវត្ថុជាកត្តាចាំបាច់ដើម្បីផ្តល់សិទ្ធិដល់សហគមន៍កសិកម្មទំនើប សម្រាប់លទ្ធភាពចូលទីផ្សារ និងឱកាសទទួលបានឥណទានសម្រាប់សហគមន៍ជនជាតិដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី