2023-12-04
គិត បុប្ផា
2023-12-04
គិត បុប្ផា
ភ្នំពេញ៖ «សហគមន៍កសិកម្មទំនើប» គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣នេះ។
កម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម របស់ក្រសួងកសិកម្ម សុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ថា «សហគមន៍កសិកម្មទំនើប» ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ, មានសមាហរណកម្ម, មានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។
ចំពោះ លក្ខណៈពិសេសរបស់សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករដែលជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារទាំងខាងផ្នែកគុណភាព ថ្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍ មុននឹងធ្វើការបែងចែកប្រាក់ចំណេញ ទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិកម្នាក់ៗ។
យោងតាមប្រពភដដែល បានសរសេរបញ្ជាក់ថា ធៀបនឹងសហគមន៍កសិកម្មធម្មតានាពេលបច្ចុប្បន្ន កសិករក្នុងសហគមន៍កសិកម្មទំនើប នឹងទទួលបានផលប្រយោជន៍ ដូចជា៖ ការលើកកម្ពស់អំណាចចរចាទីផ្សារក្នុងការទិញធាតុចូល, ការលក់កសិផលរបស់សហគមន៍, ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនបប្រាក់ចំណេញឱ្យបានជាអតិបរមា តាមរយៈអត្ថប្រយោជន៍ដែលទទួលបានពីសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale)។
លើសពីនេះ កសិករនឹងទទួលបានការគាំទ្របច្ចេកទេសសម្ភារៈហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា, ការប្រឹក្សាយោបល់លើផលិតកម្មកសិកម្ម, ការគ្រប់គ្រងមុខជំនួញប្រកបដោយវិជ្ជាជីវៈខ្ពស់, ទទួលបានទីផ្សារកសិផលទូលំទូលាយ, មានសមត្ថភាពអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា, កាត់បន្ថយហានិភ័យពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ, ការធ្វើឱ្យប្រសើរឡើងនៃជីវភាពរបស់កសិករជាសមាជិក, ទទួលបានការគាំទ្រលើទុនបង្វិល ប្រាក់កម្ចីសម្រាប់ប្រតិបត្តិការ និងការពង្រីកអាជីវកម្មផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តន៍កម្មវិធី«គោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល» កាលពីថ្ងៃទី២០ វិច្ឆិកាកន្លងទៅ ថា ការចងក្រងជាសហគមន៍ និងការរៀបចំជាសហគមន៍កសិកម្មទំនើបរបស់កសិករ មានសារសំខាន់ណាស់សម្រាប់ការធានានូវខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយប្រសិទ្ធិភាព។ សម្តេចធិបតីបន្តថា បើមិនមានមាត្រដ្ឋានទេ គឺមិនមានលទ្ធភាពនៅក្នុងការយកបច្ចេកវិទ្យា និងទទួលការអន្តរាគមន៍បានល្អិតល្អន់នោះទេ។ ដូច្នេះ រដ្ឋាភិបាល ក៏ពិបាកក្នុងការជួយឱ្យបានគ្រប់ជ្រុងជ្រោយដែរ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើកសិករប្រមូលផ្តុំគ្នាបានរាប់ពាន់គ្រួសារបង្កើតបានជាសហគមន៍មួយ ផលិតជាប្រភេទកសិកម្មតិចមុខ យើងអាចជួយជាលក្ខណៈធំបាន ដោយបង្កើតជាប្រឡាយទឹក ឬអ្វីមួយដែលរដ្ឋអាចជួយបាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី