2024-07-22
ទូច សូរិយា
2024-07-22
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រប់សាខាធនាគារពាណិជ្ជនៅខេត្តសៀមរាប ទទួលយកប្រាក់ ឬដូរប្រាក់ដុល្លារអាម៉េរិកដែលចាស់ ឬប្រឡាក់ពីអតិថិជនដោយមិនយកកម្រៃសេវា លើកលែងតែក្រដាសប្រាក់នោះក្លែងក្លាយ។ នេះជាយន្តការបន្ទាន់មួយរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាម៉េរិក ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅខេត្តសៀមរាប។
តាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលមិនអាចបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាប ត្រូវបញ្ជូនទៅប្ដូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយមិនគិតលើកម្រៃសេវា និងមិនចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅភ្នំពេញទេ។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅសៀមរាប ដាក់ក្រដាសប្រាក់ដុល្លាអាម៉េរិកប្រភេទ ២០ដុល្លារ និង៥០ដុល្លារ ជំនួសក្រដាសប្រាក់ ១០០ដុល្លារ នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។
ជាមួយគ្នានេះ ធនាគារជាតិ ក៏បានជំរុញឱ្យមានការប្រើប្រាស់កម្មវិធីទូរសព្ទ Bakorng Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា។ ទន្ទឹមនឹងនេះ ធនាគារជាតិ ក៏សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដារមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើសរបស់ធនាគារជាតិ និងធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជ និងធនាគាពាណិជ្ជ។
គួរជម្រាបថា យន្តការរបស់ធនាគារជាតិនេះ ធ្វើឡើងក្រោយសម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងកាលពីថ្ងៃទី១៨ កក្កដាថ្មីៗនេះ ឱ្យធនាគារជាតិ សម្របសម្រួលជាមួយធនាគារពាណិជ្ជខេត្តសៀមរាបបង្កើតស្តង់ដារទទួលក្រដាសប្រាក់ដុល្លារដែលដាច់រហែក ឬមានស្នាមប្រឡាក់តិចតួច ដើម្បីងាយស្រួលដល់មន្រ្តី និងអាជីវករដែលធ្វើអាជីវកម្មប្តូរប្រាក់ អនុវត្តការទទួលក្រដាសប្រាក់ដុល្លារដែលដាច់រហែកនេះបានច្បាស់លាស់ និងត្រឹមត្រូវ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី