2026-10-30
SME News
2026-10-30
SME News
ភ្នំពេញ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីនៃអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំកម្ពុជា និងបានពិភាក្សាឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកសេវាទឹកស្អាត លើកកម្ពស់និរន្តរភាពនៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងគាំទ្រគ្រួសារងាយរងហានិភ័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអង្គការ World Vision តម្រង់ទិសអន្តរាគមន៍របស់ខ្លួនក្នុងវិស័យទឹកស្អាតនាពេលអនាគត ឱ្យស្របតាមអាទិភាពអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា ជាពិសេសការផ្លាស់ប្តូរពីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខ្នាតតូចតាមសហគមន៍ ទៅរកសេវាផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាញ ដែលគ្រប់គ្រងដោយប្រតិបត្តិករអាជីព។
ឯកឧត្តមបានស្នើឱ្យ World Vision ពិចារណាផ្តល់អន្តរាគមន៍ ដោយគាំទ្រដល់គ្រួសារក្រីក្រក្នុងការបង់ថ្លៃសេវាភ្ជាប់បណ្តាញ លើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងវិនិយោគលើការពង្រីកបណ្តាញទៅតំបន់ក្បែរចុងបណ្តាញ (Last-mile connection)។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "នៅតំបន់ដែលមានបណ្តាញទឹកស្អាតស្រាប់ ឬបណ្តាញទឹកស្អាតដែលអាចពង្រីកទៅដល់សហគមន៍ យើងគួរផ្តល់អាទិភាពលើការជួយឱ្យប្រជាពលរដ្ឋអាចតភ្ជាប់
បណ្តាញទឹកស្អាត ជាជាងការវិនិយោគបន្ថែមលើប្រព័ន្ធទឹកស្អាតខ្នាតតូច ដែលអាចមិនមាននិរន្តរភាពក្នុងរយៈពេលវែង។"
ឯកឧត្តមក៏បានជម្រាបជូនពីកំណែទម្រង់ដែលក្រសួងកំពុងអនុវត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ
ផ្តល់សេវារបស់ប្រតិបត្តិករទឹកស្អាតឯកជន ពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ និងជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ ទៅជាប្រព័ន្ធអាជីព ត្រូវផ្អែកលើការវាយតម្លៃករណីជាក់លាក់នីមួយៗ អំពីលទ្ធភាពបច្ចេកទេស និរន្តរភាពហិរញ្ញវត្ថុ និងគុណភាពសេវាកម្ម។
លោកស្រីបណ្ឌិត Than Thi Ha បានបង្ហាញអំពីកម្មវិធីទឹកស្អាត និងអនាម័យរបស់អង្គការ World Vision រួមទាំងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍តាមបំពង់ចំនួន ១២៥ តំបន់ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍សហការជាមួយក្រសួង ដើម្បីអភិវឌ្ឍគំរូគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព។
ភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សា និងផ្លាស់ប្តូរបច្ចេកទេស រួមទាំងការសហការ ក្នុងការវាយតម្លៃដំណោះស្រាយទឹកស្អាតសហគមន៍ដែលមានស្រាប់ ការសិក្សាលទ្ធភាពឧបត្ថម្ភថ្លៃតភ្ជាប់បណ្តាញ និងការសម្របសម្រួលផែនការយុទ្ធសាស្ត្របន្ទាប់ រយៈពេល ៥ ឆ្នាំ របស់អង្គការ World Vision ឱ្យស្របតាមគោលដៅរបស់កម្ពុជា ក្នុងការសម្រេចសកលកម្មសេវាទឹកស្អាតនៅឆ្នាំ២០៣០។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី