2023-11-25
SME News
2023-11-25
SME News
ភ្នំពេញ៖ កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដោយអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
បើតាមការចុះផ្សាយតាមទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ វិច្ឆិកា ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ខាងមុខនោះ កម្ពុជា បានប្រសិទ្ធនាមថាជា«កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»។ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញ នៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយកម្ពុជា គឺជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។
ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជា បានជ្រើសយកទឹកដីខេត្តសៀមរាប សម្រាប់ការរៀបចំ និងមានការចូលរួមពីរដ្ឋសមាជិកចំនួន ១៦៤ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ-ស្ថាប័នពិភពលោកជាច្រើនទៀត។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ដល់សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្តចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យមើលលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកន្លងមក។
កម្ពុជា គ្រោងនឹងដាក់ចេញនូវការងារអាទិភាពចំនួន ៣ រួមមាន៖ ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា, ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និងជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតផ្ទុះពីសង្រ្គាម។
ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំ«កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» នោះ កម្ពុជា នឹងរៀបចំឱ្យមានជាសេចក្តីថ្លែងការណ៍ស្តីពីផែនការសកម្មភាព ៥ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ ដោយមានឈ្មោះថា៖«សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ ( Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan)» ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កោតសរសើរដល់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីន ព្រមទាំងប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ សហគមន៍សកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែកជំរុញឱ្យប្រទេស និងប្រជាជនកម្ពុជា រួចចាកផុតពីទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្សដែលជាមរតកសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា។
បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋជាសមាជិកនៃអនុសញ្ញាអូតាវ៉ា និងសហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការសកម្មភាពមីន ក៏ដូចជាបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។
សូមជម្រាបថា អនុសញ្ញាអូតាវ៉ា ឬហៅបានថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន។ អនុសញ្ញានេះ គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី