2025-01-09
គិត បុប្ផា
2025-01-09
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន៧ នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលបន្ថែម ក្នុងទិសដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព តម្លាភាពក្នុងការទទួលសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ពលរដ្ឋ និងធុរជន។
សេវាសាធារណៈទាំង៧ ដែលត្រូវបានដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤សេវា ស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២សេវា ស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១សេវា ស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាទាំង៧ នេះ នឹងបំពេញបន្ថែម លើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួង ដែលរួមមានសេវាស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, សេវាស្នើសុំវិញ្ញាបនបត្រដំណើរការសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម (ថ្មី/បន្ត) និងសេវាស្នើសុំប្រកាសបង្កើតរោងចក្រ។ ក្រសួងឧស្សាហកម្ម នឹងបន្តពង្រីកប្រព័ន្ធឌីជីថលនេះដោយបញ្ជូលសេវាជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព និងលើកកម្ពស់ភាពងាយស្រួល ក្នុងការប្រើប្រាស់សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ទន្ទឹមនឹងការបញ្ចូលសេវាបន្ថែមក្នុងប្រព័ន្ធឌីជីថលនេះ ក្រសួងឧស្សាហកម្ម ក៏បានធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈសំខាន់ៗចំនួន១៥ ដែលគ្របដណ្តប់អគ្គនាយកដ្ឋានឧស្សាហកម្ម, អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, វិទ្យាស្ថានស្តង់ដារកម្ពុជា, មជ្ឈមណ្ឌលជាតិមាត្រវិទ្យាកម្ពុជា និងអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់។ លើសពីនេះ ក្រសួងក៏បានដាក់ឱ្យដំណើរការមុខងារស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ ដែលសាធារណជនអាចស្វែងរកព័ត៌មាន ស្តីពីការចុះបញ្ជីផលិតផល (ច.ប.ផ) និងស្វែងរកព័ត៌មានស្តីពីស្តង់ដារកម្ពុជា (CS) ផងដែរ។
គួរបញ្ជាក់ថា បរិវត្តកម្មឌីជីថលសេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម គាំទ្រគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ពង្រឹងអភិបាលកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ដោយសម្រួលការឈានចូលទៅក្នុងប្រព័ន្ធផ្លូវការ កាត់បន្ថយនីតិវិធីដោយដៃ តម្រូវការនៃការជួបផ្ទាល់ និងពេលវេលាផ្តល់-ទទួលសេវា និងសម្រួលដល់ការទូទាត់ថ្លៃសេវា។ សម្រាប់សាធារណជន ដែលមានតម្រូវការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល អាចចូលទៅកាន់គេហទំព័រhttps://services.misti.gov.kh, ថ្នាលស្វែងរកព័ត៌មានស្តង់ដារកម្ពុជា https://misti.gov.kh/standards និងថ្នាលស្វែងរកព័ត៌មានចុះបញ្ជីផលិតផល (ច.ប.ផ) https://misti.gov.kh/product-license-registration ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី