2023-11-12
គិត បុប្ផា
2023-11-12
គិត បុប្ផា
ភ្នំពេញ៖ «រួតបាកាណ» ឬ«កំពូលកណ្ដាល»នៃប្រាសាទអង្គរវត្ត មានកម្ពស់ប្រមាណ៦៥ម៉ែត្រ ដែលគេមានជំនឿថា មានបារមីសក្កិសិទ្ធិ គឺជាគោលដៅដ៏សំខាន់បំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែឡើងទៅទស្សនា និងគោរពបូជា។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ដើម្បីបង្ការសុវត្ថិភាពរបស់ភ្ញៀវ និងការពារប្រាសាទក្នុងអំឡុងពេលទស្សនា អាជ្ញាធរជាតិអប្សរា បានចេញនូវបញ្ញត្តិមួយចំនួនដូចជា ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី១០០នាក់ ក្នុងពេលទស្សនាម្តងៗ, តម្រូវឱ្យភ្ញៀវទេសចរគោរពទៅតាម (ក្រមប្រតិបត្តិអង្គរ), ហាមស្លៀកខ្លីដែលមិនសមរម្យ, ត្រូវរក្សាភាពស្ងៀមស្ងាត់, សណ្តាប់ធ្នាប់ និងមិនឱ្យទេសចរឡើងទស្សនាលើសពី១៥នាទីឡើយ។
លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍បញ្ជាក់ទៀតថា៖«ក្មេងដែលមានអាយុក្រោម១២ឆ្នាំ, ស្រ្ដីមានផ្ទៃពោះ និងអ្នកជំងឺខ្សោយបេះដូង ត្រូវបានហាមប្រាមដាច់ខាតមិនឱ្យឡើងលើរួតបាកាណឡើយ ព្រោះជណ្ដើរចោតខ្លាំង»។
គួរជម្រាបថា ជារៀងរាល់ថ្ងៃមន្រ្ដីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្ដាប់ធ្នាប់និងសុវត្ថិភាពជាប្រចាំ សម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ៕
នាំមកជូនដោយ