2023-11-10
ទូច សូរិយា
2023-11-10
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញទំនិញប្រមាណ ១៨,៥ពាន់លានដុល្លា ទៅកាន់ប្រទេសសំខាន់ៗ ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៣ កើន ០,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ការនាំចេញច្រើនជាងគេ គឺប្រទេសអាមេរិក វៀតណាម និងចិន។
យោងតាមរបាយការណ៍ស្ថិតិរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការនាំទំនិញចេញទៅអាមេរិកមានទំហំជិត ៧,៥ពាន់លានដុល្លា ថយចុះ ១,៦ភាគរយ ធៀបទៅឆ្នាំ២០២២ ដែលមានចំនួន ៧,៦ពាន់លានដុល្លា។ ប្រទេសបន្ទាប់គឺ វៀតណាម ដែលកម្ពុជាបាននាំចេញទំនិញចំនួនជិត ២,៣ពាន់លានដុល្លា បើធៀបទៅឆ្នាំ២០២២ មានការកើនឡើងជិត ៣៦ភាគរយ ដែលមានទំហំជិត ១,៧ពាន់លានដុល្លា។
ចំពោះ ប្រទេសចិនវិញ កម្ពុជាក៏បាននាំទំនិញចេញសម្រេចបានជិត ១,២ពាន់លានដុល្លា មានការកើនឡើងជាងឆ្នាំ២០២២ ពោលគឺបានចំនួន ១៩,៣ភាគរយ ស្មើនឹង ៩៨៧លានដុល្លា។ ក្រៅពីនេះ ប្រទេសផ្សេងទៀតដែលកម្ពុជានាំទំនិញចេញមានដូចជា ជប៉ុន អង់គ្លេស អាល្លឺម៉ង់ កាណាដា ថៃ ហូឡង់ អេស្ប៉ាញ ឥណ្ឌា បែលហ្សិក បារាំង អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក អូស្ត្រាលី ឥណ្ឌូនេស៊ី ហុងកុង តៃវ៉ាន់ និងផ្សេងៗទៀត។
ក្នុងរបាយការណ៍ស្ថិតិរបស់គយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា រយៈពេល១០ខែនៃឆ្នាំ២០២៣នេះ ការនាំចេញទំនិញរបស់កម្ពុជា ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២ មានកណើន ០,២ភាគរយ។ គួរបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញមាន សម្លៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ធញ្ញជាតិ វត្ថុធ្វើអំពីស្បែក បរិក្ខារធ្វើអំពីរោមសត្វ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ គ្រឿងសង្ហារឹម វត្ថុធាតុធ្វើពីប្លាស្ទិក អាលុយមីញ៉ូម និងវត្ថុធាតុធ្វើពីអាលុយមីញ៉ូមជាដើម៕
នាំមកជូនដោយ