2024-03-12
ទូច សូរិយា
2024-03-12
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ២ខែដំបូងក្នុងឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ៨,១២ពាន់លានដុល្លារ កើនឡើងបាន ១៩,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានចំនួនជាង ៦,៨១ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម ដែលកម្ពុជាសម្រេចបានជាង ៨,១២ពាន់លានដុល្លារ ក្នុងនោះ កម្ពុជា សម្រេចបានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ៣,៩៨ពាន់លានដុល្លារ កើនឡើងជិត ២៣% បើធៀបនឹងរយៈពេល ២ខែក្នុងឆ្នាំ២០២៣ ខណៈដែលទំនិញនាំចូលមានទំហំជាង ៤,១៣ពាន់លានដុល្លារ កើនបាន ១៦,១% ។
យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រទេសដែលកម្ពុជា នាំចេញនិងនាំចូលទំនិញច្រើនជាងគេ ក្នុងរយៈពេល ២ខែឆ្នាំ២០២៤ រួមមាន៖ ប្រទេសចិន កម្ពុជាសម្រេចបានជាង ២,១៩ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបានទំហំជាង ១,៤១ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានជាង ១,៣៣ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបានជាង ៧៥០ពាន់ដុល្លារ និងមានប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត៕
នាំមកជូនដោយ