2024-11-13
ទូច សូរិយា
2024-11-13
ទូច សូរិយា
ភ្នំពេញ៖ ឯកសារគោលនយោបាយសង្ខេបវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានឱ្យដឹងថា ការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា នៅឆ្នាំ២០២៩ នឹងធ្វើឱ្យអត្រាកំណើនផលិតផលក្នុងស្រុកសរុប (ប.ស.ស.) អាចថយសន្ទុះពី ០,៥% ទៅ ១,៥% ជាមួយនឹងការបាត់បង់ការងារប្រមាណ ១៦៥ 000 ពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ។
ក្នុងកិច្ចសន្ទនាគោលនយោបាយក្រោមប្រធានបទ ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៖ ទស្សនវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង ដែលរៀបចំដោយ ក្រសួងផែនការ និង UNDP បានបញ្ជាក់ថា ការចាកចេញពី LDC របស់កម្ពុជា ក៏នឹងធ្វើឱ្យប្រជាជនចំនួន ៤៣២ ០០០នាក់ អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវមិនត្រូវបានដាក់ចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន។
នៅក្នុងកិច្ចសន្ទនា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងផែនការ និងUNDP បានដាក់ផ្សព្វផ្សាយឯកសារគោលនយោបាយសង្ខេប អំពីការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៖ ការត្រៀមខ្លួន និងសក្តានុពលនៃផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម។ ឯកសារគោលនយោបាយសង្ខេបវាយតម្លៃពីសក្តានុពលនៃការបាត់បង់ការគាំទ្ររបស់អន្តរជាតិនេះ មានដូចជា៖ ទិដ្ឋភាពទាក់ទងនឹងការលើកលែងចំពោះកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPS) ក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទាន ក្នុងចំណោមការអនុគ្រោះផ្សេងទៀត។
ចំពោះ ការបាត់បង់ខាងលើនេះ អាចមានផលប៉ះពាល់ទៅដល់វិស័យសុខភាពសាធារណៈ ការនាំចេញពាណិជ្ជកម្មសំខាន់ៗ ដូចជា សម្លៀកបំពាក់ អង្ករ និងកង់ជាដើម ពិសេសផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួមផងដែរ។ ជាមួយនេះ អ្នកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាង UNPD ប្រចាំកម្ពុជា បានលើកឡើងថា ការចាកចេញពី LDC របស់កម្ពុជា គឺជាសមិទ្ធិផលដ៍សំខាន់នៃដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដែលវាមិនត្រឹមតែនាំមកនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវឱកាសផងដែរ។ អ្នកស្រី អាលីហ្សា ឆាកឃឺ បានបន្តថា ការចាកចេញពី LDC របស់កម្ពុជា គឺជាកិច្ចខិតខំប្រឹងប្រែងរួមដែលលើសពីវិស័យពាណិជ្ជកម្ម ដែលទាមទារឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីទាញយកឱកាស និងសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង។
ទន្ទឹមនឹងនេះ UNDP បានប្តេជ្ញាចិត្តនឹងជួយកម្ភុជា តាមរយៈការគាំទ្រ ការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតងសម្រាប់កំណើនប្រកបដោយភាពធន់ និងការផ្លាស់ប្តូរពីការទទួលជំនួយហិរញ្ញប្បទាន ទៅជាការកៀរគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់ UNDP។ ក្នុងកម្មវិធីនេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា ដើម្បីធានាបានថា ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបរិស្ថាន ក្រសួងផែនការ និងសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy) សម្រាប់អនុវត្តអំឡុងពេលក្រោយការចាកចេញ។
គួរបញ្ជាក់ថា យុទ្ធសាស្ត្រអន្តរកាលដោយរលូន ត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៦ គឺ៖ ១.ការពង្រឹង និងពង្រីកមូលធនមនុស្ស, ២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ៣.ការពង្រីកទីផ្សារពាណិជ្ជកម្ម, ៤.ការទាក់ទាញការវិនិយោគបរទេស, ៥.ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង៦.ការពង្រឹងយន្តការគាំពារសង្គម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី