2023-11-06
គិត បុប្ផា
2023-11-06
គិត បុប្ផា
ភ្នំពេញ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆកា ឆ្នាំ២០២៣ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្រ្ដ) ផែនដីនិងបរិស្ថាន និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្រ្ដសង្គម)។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា នាដំណើរការប្រឡង មានបេក្ខជនអវត្តមានសរុបចំនួន ១,៩៥១នាក់ ស្រី៧៩៥នាក់ (ក្នុងនោះបេក្ខជនស្វៃរិន្ទមាន ១,៦៣១នាក់ ស្រី៦៨៥នាក់) ស្មើនឹង ១,៤២ភាគរយ។
ទន្ទឹមនឹងនេះ បេក្ខជនមានបញ្ហាសុខភាព ៣០ករណី ក្នុងនោះមានការបញ្ជូនទៅមន្ទីរពេទ្យចំនួន០២ករណី និងមានបេក្ខជនចំនួន០២រូប ជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល។ ដោយមានការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីអាការបានធូរស្រាល បេក្ខជន ដែលមានបញ្ហាសុខភាពទាំងអស់បានបន្ដការប្រឡងបានធម្មតាវិញ។
ក្រសួងអប់រំ បានបន្ដឱ្យដឹងថា នៅតាមមណ្ឌលប្រឡងនីមួយៗ បានប្រព្រឹត្តទៅដោយរលូនល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ជុំវិញរឿងនេះ ក្រសួងអប់រំបានអំពាវនាវឱ្យបេក្ខជនទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
ដំណើរការប្រឡងព្រឹកនេះ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា បានយ៉ាងល្អ ក្រោមការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុរជនកម្ពុជា មន្រ្ដីសុខាភិបាល អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ។
គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ មានរយៈពេល០២ថ្ងៃគឺថ្ងៃទី ០៦ និង ០៧ ខែវិច្ឆកា ឆ្នាំ២០២៣។ ក្នុងនោះ មានមណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥,៥៤៣បន្ទប់ នឹងមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧,៤១២នាក់ ស្រី ៧៣,២៧៨នាក់។ ចំពោះការប្រកាសលទ្ធផលប្រឡងវិញ គឺនៅថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយឡែកខេត្តផ្សេងទៀត នៅថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី