2024-10-06
ឃី ភារៈ
2024-10-06
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ពាក្យចចាមអារ៉ាមពីរឿងស្រូវធ្លាក់ថ្លៃ ដែលបង្កើតឡើងដោយក្រុមអ្នកបង្កើតមាតិកាដើម្បីរកលុយតាមបណ្តាញសង្គម (MMO) អាចធ្វើឱ្យប្រជាកសិករលក់ស្រូវមិនចេញ និងអាចសម្រេចចិត្តបន្ទាបតម្លៃស្រូវ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្ម រូបនេះ បន្ទាប់ពីមានការបង្កើតព័ត៌មានក្លែងក្លាយរបស់ក្រុម MMO នៅលើបណ្តាញសង្គម។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ឃឹម ហ្វីណង់ បានលើកឡើងអំពីផលអវិជ្ជមានចំនួន ៤ដែលអាចកើតមានពីពាក្យចចាមអារ៉ាមពីរឿងស្រូវធ្លាក់ថ្លៃផងដែរ។ បើតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ផលអវិជ្ជមានទាំង ៤នេះ រួមមាន៖ ទី១. អ្នកទិញផ្អាកទិញ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «វាជារឿងធម្មតាទេ ពេលលឺគេនាំគ្នាផ្អើលថាស្រូវធ្លាក់ថ្លៃ ទាំងគេទាំងខ្ញុំប្រាកដជារង់ចាំ ក្រែងទិញចូលលឿនពេក ថ្លៃលើសពីទីផ្សារ។ បើទោះជានៅតែបន្តទិញ ក៏ព្យាយាមតថ្លៃដែរ ដែលរឹតតែដាក់សម្ពាធតម្លៃទៅលើកសិករ»។
ចំពោះទី២. កសិករលក់មិនចេញ អ្នកនាំពាក្យក្រសួងកសិកម្ម បានពន្យល់ថា នៅពេលដែលអ្នកទិញកាន់តែច្រើនសម្រេចចិត្តរង់ចាំការធ្លាក់ចុះនៃតម្លៃ នោះការប្រមូលទិញចាប់ផ្តើមថយចុះភ្លាមៗ ដែលធ្វើឱ្យស្តុកស្រូវនៅស្រែកាន់តែនៅសល់គរច្រើនទៅៗ។ រីឯ ទី៣.កសិករត្រូវសម្រេចចិត្តបន្ទាបតម្លៃ អនុរដ្ឋលេខាធិការ បានឱ្យដឹងថា រឿងនេះច្រើនកើតឡើងនៅក្នុងវិស័យដែលមានអ្នកទិញតិច-អ្នកលក់ច្រើន ដូចជាដំណាំស្រូវ ពិសេសប្រភេទដំណាំដែលងាយខូច និងមិនអាចរង់ចាំបានយូរ។ ក្នុងកាលៈទេសៈនេះ កសិករប្រាកដជា ព្រួយបារម្ភ និងព្យាយាមប្រកួតប្រជែងគ្នាខាងផ្នែកតម្លៃ ដែលធ្វើយ៉ាងណាលក់ចេញឱ្យបានមុនគេ ជាពិសេសកសិករតូចស្ថិតនៅតំបន់ដាច់ស្រយាល។
ចំណែកទី៤ ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងថា៖ «ពាក្យចចាមអារាមក្លាយជាការពិត៖ មកដល់ចំណុចនេះ ថ្លៃស្រូវ នឹងត្រូវបានធ្លាក់ចុះពិតប្រាក ដែលក្នុងនោះអ្នកទិញ ក៏លែងហ៊ានទិញស្រូវក្នុងតម្លៃខ្ពស់ដូចមុន ចំណែកឯកសិករក៏លែងមានជម្រើសក្នុងការចរចារថ្លៃលក់ចេញដូចមុនទៀតដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានអំពាវនាវឱ្យប្រជាពលរដ្ឋពិនិត្យមើលប្រភពព័ត៌មានឱ្យបានច្បាស់សិន មុននឹងស៊ែររឿងអវិជ្ជមានអ្វីមួយ មិនគួរជឿលើការផ្សព្វផ្សាយណាដែលមានអ្នក Like និង Shareច្រើន របស់ក្រុមMMO នោះទេ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី