SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន


មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន
A+ A-

ភ្នំពេញ៖ សិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥ ស្តីពីមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ក្នុងក្រុងព្រះសីហនុ ក្នុងគោលដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (ASEAN TMH)។

សិក្ខាសាលានេះត្រូវបានដឹកនាំរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដែលតំណាងសាកលវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី នវានុវត្តន៍ករ វិស័យឯកជន និងការិយាល័យផ្ទេរបច្ចេកវិទ្យាក្នុងគ្រប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីជំរុញការអភិវឌ្ឍថ្នាលឌីជីថលនៃមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដែលជាគំនិតផ្តួចផ្តើមដំបូងបំផុតក្នុងគោលបំណងផ្សារភ្ជាប់ការស្រាវជ្រាវពីសាកលវិទ្យាល័យទៅវិស័យឯកជន ដើម្បីពន្លឿននវានុវត្តន៍ និងជំរុញការផ្ទេរបច្ចេកវិទ្យានៅទូទាំងតំបន់។

មជ្ឈមណ្ឌលនេះ មានគោលបំណងភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិក្នុងតំបន់អាស៊ាន ដើម្បីប្រែក្លាយគំនិតនវានុវត្តន៍ឱ្យទៅជាដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់បញ្ហាប្រឈមសំខាន់ៗ រួមទាំងបរិវត្តកម្មឧស្សាហកម្ម សន្តិសុខស្បៀង និងបញ្ហាសុខភាព ជំងឺរាតត្បាត វិសមភាពសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុជាដើម។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN COSTI) និងជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា មជ្ឈមណ្ឌល ASEAN TMH មានសារសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់តំបន់។

ឯកឧត្តមបានបន្ថែមថា៖«រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយរដ្ឋសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីដោះស្រាយបញ្ហារួម ដោយផ្ដោតលើការប្រើប្រាស់សក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គំនិតផ្តួចផ្តើមទាំងនេះស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ និងផែនទីផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០»។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ កម្ពុជា និងឥណ្ឌូនេស៊ីបានដឹកនាំគម្រោងមជ្ឈមណ្ឌល ASEAN TMH ដោយបានរៀបចំសិក្ខាសាលាជាច្រើននៅក្នុងប្រទេសទាំងពីរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានសម្រេចនូវការរៀបចំបញ្ចប់ឯកសារទស្សនទាន ការរៀបចំស្ថាប័ន និងការបង្កើតគំរូសម្រាប់ថ្នាលមជ្ឈមណ្ឌល ASEAN TMH ។

នៅក្នុងតំបន់អាស៊ាន រដ្ឋជាសមាជិកនីមួយៗ កន្លងមក អនុវត្តយន្តការផ្សេងៗគ្នាសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដែលជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។ ធុរកិច្ចបង្កើតថ្មីនៅអាស៊ានត្រឹមតែ១៥%ប៉ុណ្ណោះ បានពង្រីកវិសាលភាពរបស់ខ្លួនលើសពីទីផ្សារក្នុងស្រុក។ ដូច្នេះ ការសម្របសម្រួលក្នុងតំបន់មានភាពចាំបាច់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនវានុវត្តន៍ និងការធ្វើពាណិជ្ជកម្មបន្ថែម។ ភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប បានជំរុញគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាននេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ដោយប្រមូលផ្តុំ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។

ជាក់ស្តែង ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ សិក្ខាសាលាមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ចំនួន៤លើក ត្រូវបានរៀបចំឡើង ដោយបង្កើនការឯកភាពក្នុងតំបន់ កំណត់សុពលភាពឯកសារទស្សនទាន និងបង្កើតគំរូនៃថ្នាលឌីជីថល។ សិក្ខាសាលាលើកទី៥នេះ នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ព្រមទាំងប្រមូលមតិកែលម្អសំខាន់ៗសម្រាប់ការអភិវឌ្ឍបន្ត រួមទាំងការបញ្ជាក់សុពលភាពនៃការការពារកម្មសិទ្ធិបញ្ញា និងការគាំទ្រក្រោយការផ្គូផ្គងសម្រាប់ការផ្ទេរបច្ចេកវិទ្យា។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាពរបស់អាស៊ានក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល ASEAN TMH ដោយសង្កត់ធ្ងន់លើអត្ថប្រយោជន៍ទៅវិញទៅមកនៃការផ្លាស់ប្តូរបច្ចេកវិទ្យារវាងអឺរ៉ុប និងអាស៊ាន។ ឯកឧត្តមបានលើកឡើងថា៖ «យើងទទួលស្គាល់ថា ភាពជាដៃគូរបស់យើងមិនស្ថិតនៅត្រឹមតែការសន្ទនាប៉ុណ្ណោះទេ តែជាមូលដ្ឋានគ្រឹះក្នុងការបង្កើតឱកាសជាក់ស្តែងដែលជំរុញនវានុវត្តន៍នៅទូទាំងតំបន់ និងដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងវិសមភាពសេដ្ឋកិច្ច»។

គំនិតផ្តួចផ្តើមសំខាន់ៗរបស់សហភាពអឺរ៉ុបបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគំរូថ្នាលឌីជីថល សម្រាប់មជ្ឈមណ្ឌល ASEAN TMH ។ គម្រោង EURAXESS ASEAN គម្រោងមូលនិធិរួម អាស៊ាន-អឺរ៉ុប សម្រាប់ការស្រាវជ្រាវ និងនវានុវត្តន៍ គម្រោង EISMEA មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ព្រមទាំងការចូលរួមរបស់មជ្ឈមណ្ឌល SAIRA បានជំរុញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។

លោកស្រីបណ្ឌិត Zurina Moktar ប្រធានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅលេខាធិការដ្ឋានអាស៊ាន បានលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលស្គាល់មជ្ឈមណ្ឌល ASEAN TMH ជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរនវានុវត្តន៍របស់តំបន់។ លោកស្រីបានលើកឡើងថា៖«វេទិកានេះគួរតែដើរតួជាសសរស្តម្ភដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់អាស៊ាន ស្របតាមគោលដៅដែលមានចែងក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៦-២០៣០»។

សិក្ខាសាលាជាស៊េរី នៃមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បានអនុវត្តវិធីសាស្រ្តភាពជាដៃគូ ក្នុងនោះសិក្ខាសាលាកន្លងមក ត្រូវបានសហការដឹកនាំដោយទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូនេស៊ី (BRIN) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ ដៃគូនានា ដូចជា E-READI អគ្គនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍របស់គណៈកម្មការអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានផ្តល់ការគាំទ្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រឹងមាំមួយសម្រាប់តំបន់។

លទ្ធផលនៃសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥នេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការរៀបចំគំរូមជ្ឈមណ្ឌល ASEAN TMH ដែលគ្រោងនឹងបង្ហាញជូនគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៦ (COSTI-86) នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី