2024-09-23
ហ៊ត គឹមលី
2024-09-23
ហ៊ត គឹមលី
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤។ ពិធីនេះ នឹងប្រារព្ធឡើងដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា និងថែរក្សាទំនៀមទម្លាប់ខេត្តបាត់ដំបង ពិសេសឱ្យពលរដ្ឋចូលរួមកម្សាន្តសប្បាយរីករាយ រួមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង កាលពីថ្ងៃទី២០ កញ្ញា ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ រៀបចំកន្ទោងធ្វើពីដើមចេក ស្លឹកចេក ស្លឹកត្នោត ចៀសវាងធ្វើអំពីជ័រ ឬស្នោរដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន។ ការជំរុញឱ្យពលរដ្ឋរៀបចំកន្ទោងពីប្រភេទស្លឹកឈើធម្មជាតិផ្សេងៗនេះ ក្នុងគោលបំណងលើកតម្លៃជាតិ វប្បធម៌ដូនតា និងបរិស្ថានសង្គម ជាពិសេសថែរក្សាអនាម័យបរិស្ថានប្រព័ន្ធអេកូឡូស៊ី ដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងវៃឆ្លាត(Smart City) និងជាក្រុងដែលស្អាតបៃតង។
ពិធីបុណ្យអុំទូកដែលប្រារព្ធទៅនៅតាមដងស្ទឹងសង្កែនេះទៀតសោត នឹងមានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ បណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បន្តថា ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបឆ្នាំនេះ មានប្រទីបចូលរួមបណ្ដែតច្រើនជាងឆ្នាំមុន និងមានការដង្ហែប្រទីបយកទៅបណ្ដែតក្នុងស្ទឹងសង្កែផងដែរ។
ដើម្បីជាការអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងទាក់ទាញកំណើនទេសចរណ៍មកកាន់ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងអនាម័យបរិស្ថាន ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកចូលរួមកម្សាន្តក្នុងពិធីបុណ្យនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី