2024-09-03
ទូច សូរិយា
2024-09-03
ទូច សូរិយា
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ បានឯកភាពឱ្យគ្រឹះស្ថានអង្គរ អភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីលក់បណ្ណចូលទស្សនាអង្គរដោយប្រើ Self- Service Machine និងបង្កើត Mobile App ដើម្បីជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិកផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
ក្រសួងសេដ្ឋកិច្ច និងក្រសួងទេសចរណ៍ បានសហការគ្នាពិនិត្យ និងពិភាក្សាអំពីការកំណែទម្រង់ទៅលើការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរណ៍បន្ថែមទៀត។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ នាថ្ងៃទី២៧ សីហា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាពគ្នាមួយចំនួនដូចជា៖
ទី១. ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤តទៅ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរពីគ្រឹះស្ថានអង្គរ សម្រាប់ទស្សនារយៈពេល១ថ្ងៃ នឹងមិនត្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទទេ។ ចំពោះទី២. សម្រាប់បណ្ណទស្សនារយៈពេល ៣ថ្ងៃ និង ៧ថ្ងៃ គឺត្រូវបន្តអនុវត្តតាមតម្រូវការថតរូបភ្ញៀវសម្រាប់បណ្ណចូលទស្សនារហូតដល់ចុងឆ្នាំ២០២៤, ទី៣. កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ មានន័យថាកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ។
ចំពោះ ទី៤.ឯកភាពឱ្យគ្រឹះស្ថានអង្គរ អភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់បណ្ណ ដោយប្រើ Self- Service Machine និងបង្កើត Mobile App ដើម្បីជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក, ទី៥. គ្រឹះស្ថានអង្គរ ត្រូវសិក្សាអំពីការផ្ដល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ និងទី៦. បង្កើតក្រុមការងារចម្រុះ ដើម្បីពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដំណាក់កាលទី២ និងសិក្សាអំពីការដាក់ឱ្យដំណើរការកំណែរទម្រង់បណ្ណក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៥ តទៅ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងថា គ្រឹះស្ថានអង្គរ ត្រូវបង្កើនការរៀបចំកែលម្អបង្គន់អនាម័យ ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរថែមទៀត និងបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលពីការលក់បណ្ណ ពង្រឹងនីតិវិធីនៃការត្រួតពិនិត្យបណ្ណឱ្យបានកាន់តែល្អប្រសើរ និងបង្ករភាពងាយស្រួលជូនភ្ញៀវបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី