2024-08-28
ទូច សូរិយា
2024-08-28
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយថៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «ទំនិញឆ្លងកាត់» ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀត លើការនាំចេញ-នាំចូលទំនិញឆ្លងរវាងប្រទេសទាំងពីរ។ ការចុះ MOUនេះ ធ្វើឡើងក្នុងសិក្ខាសាលា ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធការងារគយនៅកម្ពុជា»។
ក្នុងសិក្ខាសាលាដែលធ្វើនៅសណ្ឋាគារ Oakwood Premier Phnom Penh នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម Cherdkiat Atthakor ឯកអគ្គរាជទូតនៃប្រទេសថៃ ប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះ ជាផ្នែកមួយនៃកម្មវិធីរបស់ស្ថានទូតថៃក្នុងការគាំទ្រធុរកិច្ចថៃនៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការចែករំលែកចំណេះដឹងនិងការអនុវត្តល្អៗ។ សិក្ខាសាលានេះ នឹងលើកម្ពស់ប្រតិបត្តិការគយតាមព្រំដែន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងថៃ និងកម្ពុជា។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានលើកឡើងអំពីការលើកកម្ពស់ការយល់ដឹងរបស់ធុរជនដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងសកម្មភាពនាំចេញ-នាំចូលទំនិញរវាងភាគីទាំងពីរ អំពីច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ។ ឯកឧត្តមបណ្ឌិត គុណ ញឹម បានបន្ថែមថា ការលើកកម្ពស់ចំណេះដឹងរបស់ផ្នែកឯកជន គឺជាកត្តាដ៏ចម្បងក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់អនុលោមភាពក្នុងការអនុវត្តនីតិវិធីគយ ឈានដល់ការទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីវិធានការសម្រួលពាណិជ្ជកម្មនានា។
ក្នុងសិក្ខាសាលាដែលមានអ្នកចូលរួមពីតំណាងមកពីក្រុមហ៊ុននាំចេញ-នាំចូល, ក្រុមហ៊ុនដឹកជញ្ជូន និងរដ្ឋបាលគយថៃប្រមាណ ១៥០រូប ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជនខិតខំស្វែងយល់ និងអនុវត្តក្រោមបញ្ញត្តិនៃច្បាប់ស្ដីពីគយនិងបទប្បញ្ញត្តិពាក់ព័ន្ធការប្រើប្រាស់យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដើម្បីជំរុញកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី