2024-08-10
គន ម៉េងហុង
2024-08-10
គន ម៉េងហុង
ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តផ្តល់ពងដង្កូវនាងពូជសូត្រមាសប្រមាណ ៥ពាន់ពង ក្នុងខែសីហា និងពូជមនប្រមាណ ៥០បាច់ ឬ ១ពាន់ដើមទៀត ក្នុងខែកញ្ញា ឆ្នាំ២០២៤ ដល់សិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ (អាទីហ្សង់អង្គរ)។ លើសពីការផ្តល់ឱ្យនេះ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងបន្តផ្លាស់ប្តូរបច្ចេកទេសលើផ្នែកកោសេយ្យវប្បកម្មដល់ក្រុមហ៊ុនអាទីហ្សង់អង្គរទៀតផង។
តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា រយៈពេលជាង ៧ខែកន្លងមកនេះ លោក យិន ច័ន្ទសុធី បានផ្ដល់ជូនគ្រាប់ពូជដំណាំមនសម្រាប់ការបណ្ដុះដល់តំណាងក្រុមហ៊ុនសិប្បករអង្គរផងដែរ។ ការសហការរវាងអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុនសិប្បករអង្គរ គឺដើម្បីស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។
ក្នុងដំណើរពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង នៅក្រុមហ៊ុនសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី០៣ ដល់ទី០៤ ខែសីហា លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា៖ «ចាប់តាំងពីសិប្បកម្មនេះទើបដាំតែកូនដើមមន រហូតដល់ចាប់ផ្ដើមចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវសូត្រ ដើម្បីផលិតជាផលិតផលផ្សេងៗដែលមានគុណតម្លៃផ្នែកវប្បធម៌ និងតម្លៃបន្ថែមនៃផ្នែកសេដ្ឋកិច្ច ពិសេសបានផ្ដល់ការងារដល់ពលរដ្ឋក្នុងតំបន់ ដែលភាគច្រើនជាស្ដ្រី»។ ដែលនេះបានបង្ហាញពីភាពរីកចម្រើនយ៉ាងលឿនរហ័សនៃសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនអាទីហ្សង់អង្គរ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ អគ្គនាយកដ្ឋានកសិកម្ម បានផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥ពាន់ពង ដល់ក្រុមហ៊ុនសិប្បករអង្គរ ព្រមទាំងបានចុះពិនិត្យនិងផ្លាស់ប្តូរបច្ចេកទេសលើការដាំដុះដំណាំមន ការចិញ្ចឹមដង្កូវនាង ពិនិត្យកូនមនបណ្តុះដោយគ្រាប់ដែលអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ជូនដូចគ្នា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី