2024-08-06
អ៊ួន សំណាង
2024-08-06
អ៊ួន សំណាង
ភ្នំពេញ៖ ការថតវីដេអូ និងរូបភាពសន្លឹកក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយទូរសព្ទដៃ ឬម៉ាស៊ីនថតផ្ទាល់ខ្លួន ដើម្បីផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គមដូចជា Facebook, Youtube និងTiktok និងការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ប្រពៃណីជាតិ ឬអន្តរជាតិសម្រាប់ទុកជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន គឺមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬបង់ប្រាក់ឡើយ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
ការកែសម្រួលលក្ខខណ្ឌតម្រូវថ្មីមួយចំនួនរបស់អាជ្ញាធរជាតិអប្សរានេះ បានធ្វើឡើងក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ លក្ខខណ្ឌតម្រូវថ្មីមួយចំនួននោះ មានការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម គឺតម្រូវឱ្យដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ រួមមាន៖ ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ, ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ស្ព៉តពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តីសម្រាប់ផ្សព្វផ្សាយលក្ខណៈក្នុងស្រុក និងអន្តរជាតិ និងការថតវីដេអូ និងរូបភាពសន្លឹកដោយឧបករណ៍ដ្រូនជាដើម។
ចំណែក រាល់ការថតក្នុងគោលបំណងមិនបម្រើឱ្យអាជីវកម្ម គឺតម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់ឡើយ ក្នុងនោះមានដូចជា ការថតរបស់អង្គភាពសារព័ត៌មានផ្លូវការទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងផ្សព្វផ្សាយ។ សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការកែសម្រួលលក្ខខណ្ឌតម្រូវថ្មីមួយចំនួននេះ ក្នុងទិសដៅបង្កភាពងាយស្រួលដល់សាធារណជនក្នុងការថតវីដេអូ និងរូបភាពសន្លឹកក្នុងតំបន់អង្គរ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។ ចំពោះព័ត៌មានបន្ថែម សាធារណជន អាចទាក់ទងមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរសព្ទ ០១២ ៤៤៥ ០៨៨៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី