2024-07-14
ទូច សូរិយា
2024-07-14
ទូច សូរិយា
ភ្នំពេញ៖ លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing បានលើកឡើងថា ក្រុមហ៊ុនតូយ៉ូតា មានគម្រោងបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា ដែលស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៨ កក្កដានេះ លោក Fujita Ryoji បានស្នើសុំអនុសាសន៍ណែនាំពីរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះភាពរីកចម្រើននៃក្រុមហ៊ុនតូយ៉ូតា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្មនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់យោបល់ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលជា ២ជម្រើស រួមមាន៖ ទី១. ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលដោយក្រុមហ៊ុនផ្ទាល់តែម្តង និងទី២. ជាទម្រង់កូនកាត់ (Hybrid) ដែលសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាល ដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ។
ក្នុងជំនួបពិភាក្សាការងារនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែបម្រើការក្នុងក្រុមហ៊ុនតូយ៉ូតាប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេសថែមទៀត។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានឱ្យក្រុមហ៊ុន Toyota Group ពិនិត្យលទ្ធភាពលើចំណុចសំខាន់ចំនួន២ ដូចជា៖ ទី១. ពិនិត្យលទ្ធភាព និងពិចារណាក្នុងការផលិតគ្រឿងបន្លាស់(Spare parts) របស់ក្រុមហ៊ុនតូយ៉ូតា ដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតានៅតាមបណ្ដាប្រទេសផ្សេងៗទៀត និងទី២. ពិនិត្យលទ្ធភាព និងពិចារណាលើការភ្ជាប់កិច្ចសហការជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុកដែលអាចផ្គត់ផ្គង់ជាសម្ភារបរិក្ខារបន្ទាប់បន្សំ(Accessories)បំពាក់លើរថយន្តតូយ៉ូតា។
តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៨ កក្កដា បានបញ្ជាក់ថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ដែលជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងមានរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត ៣៧លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី