2024-07-30
គិត បុប្ផា
2024-07-30
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងថៃ ឯកភាពអនុវត្តផែនការសកម្មភាពរួមគ្នា លើសហប្រតិបត្តិការសំខាន់ៗចំនួន៥ ក្នុងគោលដៅជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ការយល់ព្រមអនុវត្តរួមគ្នានេះ បានព្រមព្រៀងដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Sermsak Pongpanit រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃថៃ កាលពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចសហការចំនួន៥ ដែលរដ្ឋមន្រ្តីក្រសួងទេសចរណ៍ទាំងពីរលើកឡើង ក្នុងការប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ នៅទីក្រុងបាងកក ប្រទេសថៃ រួមមាន៖ (១) ការសម្រួលការធ្វើដំណើរ និងឆ្លងកាត់ព្រំដែន ដោយភាគីទាំងពីរឯកភាពពង្រឹងការសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនដល់ទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបី។ (២) យុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅមួយ» ដើម្បីពិភាក្សាលើការផ្សព្វផ្សាយរួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា និងការជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំដោយប្រទេសនីមួយៗ។
ចំណែកចំណុច (៣) គឺការអភិវឌ្ឍធនធានមនុស្សតាមរយៈជំរុញការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់អ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងការបម្លាស់ទីរបស់អ្នកជំនាញទេសចរណ៍អាស៊ាន ខណៈដែលប្រទេសទាំងពីរជាប្រទេសឆ្នើមក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ សកម្មភាពទី (៤) ឯកភាពគ្នាបន្តជំរុញអនុវត្តស្តង់ដាសម្រាប់សេវាកម្មទេសចរណ៍នានា ដើម្បីជំរុញអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយគុណភាព និងចំណុច(៥) គឺបន្តពង្រឹងការចែករំលែកព័ត៌មាន និងសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍បន្ថែមទៀត។
ក្រៅពីការឯកភាពអនុវត្ត៥ចំណុចខាងលើ ភាគីកម្ពុជា និងថៃ ក៏បានសហការរៀបចំសិក្ខាសាលាស្តីពី «កញ្ចប់វិជ្ជាជីវៈ ទេសចរណ៍រួមគ្នា» ដែលមានការចូលរួមពីវិស័យឯកជនពាក់ព័ន្ធផងដែរ។ តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ បញ្ជាក់ថា កិច្ចប្រជុំខាងលើ បានរៀបចំឡើងស្របតាមអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលចុះហត្ថលេខាកាលពីឆ្នាំ២០១៤ និងឆ្លើយតបទៅនឹងជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី