2024-07-26
គន ម៉េងហុង
2024-07-26
គន ម៉េងហុង
ភ្នំពេញ៖ កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ដែលចាប់ផ្តើមឡើងពីថ្ងៃទី២២ ដល់ទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងបណ្ដុះយុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្ត្រ ដើម្បីឱ្យធនធានមនុស្សជំនាន់ក្រោយអាចប្រឈមនឹងបញ្ហានាពេលអនាគត។ បើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២១ កក្កដា កម្មវិធីអាស៊ានបូកបីនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធផ្នែកវិទ្យាសាស្ត្រ ក្នុងចំណោមយុវជនមានអាយុចាប់ពី១៣ ដល់ ១៥ឆ្នាំ នៃប្រទេសអាស៊ានបូកបី។
ក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត ញឹម ខេមរា ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម បានលើកឡើងថា កម្មវិធីអាស៊ានបូកបី ដែលធ្វើឡើងក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ» នឹងធ្វើឱ្យយុវជនអាចចូលរួមសិក្សាស្វែងយល់ និងបង្កើតនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនៅខេត្តសៀមរាប ពិសេសនឹងផ្តល់ឱកាសដល់សិស្សានុសិស្សអាចបង្ហាញពីទេពកោសល្យ ផ្លាស់ប្តូរគំនិត និងដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។
លោកស្រីបណ្ឌិត Kanchana Wanichkorn ប្រធានផ្នែកអភិវឌ្ឍន៍វិស័យនៃលេខាធិការដ្ឋានអាស៊ាន បានបញ្ជាក់ថា កម្មវិធីឆ្នាំនេះ ជាព្រឹត្តិការណ៍សំខាន់សម្រាប់រដ្ឋជាសមាជិកអាស៊ាន និងប្រទេសអាស៊ានបូកបី ដែលកម្មវិធីនេះ បានផ្តល់ជាវេទិកាមួយសម្រាប់ឱ្យយុវជនដែលមានទេពកោសល្យមកជួបជុំ និងសហការគ្នានៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោកស្រីបណ្ឌិត Kanchana Wanichkorn បានលើកទឹកចិត្តយុវជនឱ្យមានការចែករំលែកនូវចំណេះដឹង និងបទពិសោធ ដើម្បីត្រៀមឱ្យក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្ត្រដែលពោរពេញដោយសមត្ថភាព។
គួរបញ្ជាក់ថា អាស៊ានបូកបី មាន១៣ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម រួមនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ផ្តោតលើវិស័យផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី